សត្វ​ចម្លែក និង​កម្រ​បំផុត​ទាំង៣ លើ​លោក ត្រូវ​ប្រទះ​ឃើញ​នៅ​ខ្មែរ តែ​​មិន​សូវ​មាន​អ្នក​ស្គាល់

ប្រទេស​កម្ពុជា ជា​ដែន​ដី​អំណោយ​ផល​បំផុត​ទាំង​ផ្នែក​កសិកម្ម និង​ការ​រស់​នៅ​របស់​សត្វ​ព្រៃ​គ្រប់​ប្រភេទ ព្រោះ​អាកាស​ធាតុ​ល្អ មិន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ធម្មជាតិ​ធ្ងន់ធ្ងរ។ ចំណែក​សីតុណ្ហភាព​មធ្យម​តាម​បែប​តំបន់​ត្រូពិក បាន​នាំ​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ដែល​ស្ទើរ​ផុត​ពូជ​លើ​លោក នៅ​តែ​អាច​មាន​ជីវិត​លើ​ដែន​ដី​ខ្មែរ។ ក្នុង​ចំណោម​នោះ អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​​ប្រទះ​ឃើញ​សត្វ​កម្រ​បំផុត​លើ​លោក ៣​ប្រភេទ កំពុង​មាន​ជីវិត​លើ​ទឹក​ដី​កម្ពុជា តាម​តំបន់​ព្រៃ​ភ្នំ និង​តំបន់​ទឹក​នានា ដែល​គ្មាន​ការ​យាយី​ពី​មនុស្ស ហើយ​សត្វ​ទាំង​នោះ ស្ទើរ​តែ​ជិត​ផុត​ពូជ​ពី​ផែន​ដី​ទៅ​ហើយ។

១. ថលជលិក​យក្ស​អត់​ជើង​ ​ថលជលិក​យក្ស ជា​ប្រភេទ​សត្វ​រស់​នៅ​លើ​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន។ សត្វ​ចម្លែក​មួយ​ប្រភេទ​នេះ មើល​ទៅ​ស្រដៀង​ពស់ និង​ជន្លេន ត្រូវ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី Founa and Flora International ប្រទះ​ឃើញ​ក្នុង​​ព្រៃ​រង​ទឹក​ភ្លៀង ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail របស់​ចក្រភព​អង់គ្លេស ដោយ​ដាក់​ចំណង​ជើង​ថា «The bizarre legless giant amphibian found in Cambodia: New species can grow to 1.5m in length and is NOT a snake»។

អង្គការ​អន្តរជាតិ​​ដែល​មាន​បេសកកម្ម​ការពារ​រុក្ខជាតិ និង​សត្វ Fauna & Flora International នៅ​ទូទាំង​ពិភពលោក បាន​បញ្ជាក់​ថា សត្វ​ខ្លួន​ពណ៌​ប្រផេះ ដែល​គេ​​ហៅ​ជា​ភាសា​អង់គ្លេស Ichthyophis cardamomensis ឬ​ខ្មែរ​មាន​ឈ្មោះ​ថា ថលជលិក​យក្ស​អត់​ជើង​ ត្រូវ​ប្រទះ​ឃើញ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​កោះកុង។ តំបន់​នេះ​ទៀត​សោត បាន​រង​ការ​គំរាមកំហែង​ដល់​ជម្រក​សត្វ ដោយសារ​ការ​វាត​ទី​របស់​មនុស្ស។ ​​​

សត្វ​ប្រភេទ​ថ្មី​នេះ ត្រូវ​ប្រជាជន​កម្ពុជា ច្រឡំ​ថា​ជា​ពស់​ខ្វាក់ ពស់​ដី ឬ​សត្វ​ជន្លេន ប៉ុន្តែ​តាម​ពិត​ជា​ថលជលិក​ប្រភេទ​ថ្មី ទើប​រក​ឃើញ និង​អាច​មាន​ប្រវែង​រហូត​ដល់ ១,៥​ម៉ែត្រ ពោល​គឺ​ធំ​ជាង​ពស់​ដី​ដែល​ប្រជា​ជន​ខ្មែរ​ធ្លាប់​ប្រទះ​ឃើញ។ យ៉ាង​ណា​មិញ សត្វ​ដែល​ប្រទះ​ឃើញ​នៅ​ពេល​នេះ ទើប​តែ​មាន​ប្រវែង ៣០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្យាយាម​ស្វែង​រក​ប្រភព​នេះ​សត្វ​នេះ​បន្ត​ទៀត។

២. តុកកែ​ហោះ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​បំផុត បាន​ស្គាល់​តែ​តុកកែ​នៅ​តាម​ជញ្ជាំង​ផ្ទះ​នានា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា មាន​តុកកែ​ដ៏​កម្រ​និង​ចម្លែក​​ម្យ៉ាង​ទៀត​ក្នុង​ព្រៃ​ជ្រៅ​នៃ​ឧទ្យាន​ជាតិ​វីរៈជ័យ។ សត្វ​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ដាក់​ឈ្មោះ​ថា «តុក​កែ​ហោះ» ឬ​ជា​ភាសា​បច្ចេកទេស«Ptychozoon Trinotaterra»។ សត្វ​តុកកែ​ពូជ​កម្រ​នេះ ត្រូវ​បាន​ឧទ្យានុរក្ស នៃ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

តុកកែ​ហោះ មាន​ប្រវែង​ជា​មធ្យម​ប្រហែល ២០​សង់​ទីម៉ែត្រ និង​មាន​រូប​រាង​ក្រឡេក្រឡា​ខុស​ពី​តុកកែ​តាម​ផ្ទះ ហើយ​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ជាង។ វា​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក ដែល​មិន​សូវ​មាន​គេ​ប្រទះ​ឃើញ​ឡើយ។ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​បន្ត​ទៅ​លើ​ការ​រស់​នៅ​របស់​សត្វ​ចម្លែក​មួយ​ប្រភេទ​នេះ ដើម្បី​ស្វែង​យល់​ថា​តើ​ខុស​ពី​តុក​កែ​ធម្មតា​ដូច​ម្ដេច និង​មាន​ប្រភព​មក​ពី​ណា។

គួរ​បញ្ជាក់​ថា ឧទ្យានជាតិ​វីរៈ​ជ័យ លាត​សន្ធឹង​លើ​ខេត្ត​មួយ​ចំនួន​នៃ​ភូមិភាគ​ឦសាន​​កម្ពុជា ដូច​ជា​រតនគីរី ស្ទឹង​ត្រែង ក្នុង​ទំហំ​ជាង ៣៣ម៉ឺន​ហិកតា។ ឧទ្យាន​នេះ​សម្បូរ​ដោយ​ជីវិត​សត្វ​ចម្រុះ និង​កម្រ​ជា​ច្រើន​ប្រភេទ ដែល​ក្រសួង​បរិស្ថាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ចូល​រួម​ថែ​រក្សា​ទាំង​អស់គ្នា។ ក្នុង​នោះ​ដែរ ក៏​មាន​ក្រុម​អ្នក​អភិរក្ស​អន្តរជាតិ និង​អ្នក​ស្រាវជ្រាវ​បរទេស​ជា​ច្រើន បាន​ចុះ​មក​ដល់​តំបន់​នេះ។

៣. កន្ធាយ​ក្បាល​កង្កែប ​កន្ធាយ​ក្បាល​កង្កែប ឬ Cantor’s Giant Softshell គឺ​ជា​ប្រភេទ​សត្វ​កម្រ​មួយ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS និង​ប្រជា​សហគមន៍ បាន​ប្រទះ​ឃើញ​សំបុក​ពង​របស់​កន្ធាយ​នេះ​មួយ​សំបុក នៅ​ឆ្នេរ​ខ្សាច់​ដង​ទន្លេ ចន្លោះ​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង។ វា​ជា​ទីតាំង​តែ​មួយ​គត់ សម្រាប់​កន្ធាយ​ក្បាល​កង្កែប ពង​កូន​នៅ​កម្ពុជា។

សត្វ​កន្ធាយ​ក្បាល​កង្កែប ស្ថិត​នៅ​ក្នុង​បញ្ជី​សត្វ​ជិត​ផុត​ពូជ​របស់​អង្គការ International Union for Conservation of Nature (IUCN)។ សត្វ​កម្រ​នេះ ត្រូវ​បាន​គេ​គិត​ថា​ផុត​ពូជ​ពី​ដែន​ដី​កម្ពុជា​ទៅ​ហើយ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០០៧ ធ្លាប់​ប្រទះ​ឃើញ​ម្ដង ខណៈ​ពេល​នេះ​បាន​ឃើញ​ម្ដង​ទៀ​ទាំង​សំបុក​តែ​ម្ដង។

ដោយ​ទទួល​បាន​ការ​គាំទ្រ​ពីម្ចាស់ជំនួយដូចជា Critical Ecosystem Partnership Fund (CEPF) អង្គការ​អភិរក្សអន្តរជាតិ និង​សម្ព័ន្ធ​ដើម្បីការ​រស់រាន​ប្រភេទ​សត្វអណ្តើក ប្រជា​សហគមន៍ ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ កំពុង​យក​ចិត្ត​ទុក​ដាក់ ថែ​រក្សា​ពូជ​សត្វ​កម្រ​នេះ ឲ្យ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា​រហូត​ទៅ​ថ្ងៃ​អនាគត៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

shares