មិនធម្មតាមែន!ពីក្មេង​កម្មករ​រោងចក្រ​ តស៊ូ​ក្លាយជា​ឧកញ៉ា​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​

រាល់​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នា​ក់ៗ​ មិនមែន​ចេះតែ​កើតឡើង​ដោ​យងាយៗ​នោះ​ទេ​ គឺ​កើតឡើង​ដោយ​ការ​តស៊ូ​ ព្យាយាម​ ដោយមាន​គោលដៅ​ច្បាស់លាស់​នៅក្នុង​ខ្សែជីវិត​ ហើយ​តែង​អត់ធ្មត់​ពុះបំបែក​រាល់​ឧបសគ្គ​ទាំងឡាយ​ដែល​តែង​កើតឡើង​នៅចំពោះមុខ​។ ពេលខ្លះ​ បុគ្គល​ដែល​រួមរស់​យក​គំនរសំរាម​ ជាទី​លំនៅ​របស់​ខ្លួន​ ដែលគេ​មិន​ឱ្យ​តម្លៃ​នោះ​ ក៏អាច​​ដើរ​ផុត​ពី​ក្លិន​ទាំងនោះ​ ហើយឆ្ពោះទៅ​ជីវិត​យ៉ាង​ជោគជ័យ​យ៉ាងសម្បើម​ ដែលគេ​ពុំ​នឹកស្មាន​ដល់ក៏មានមិនតិចដែរ​។

បើ​ក្រឡេក​មើល​ពី​ខ្សែជីវិត​របស់​ គួច​ ម៉េ​ងលី​ ដែល​ពីអ​តី​តកាល​ជា​ក្មេង​សុំ​អាហារ​គេ​ហូប​ ដើរ​រើស​សម្ភារ​គេ​បោះចោល​យក​ទៅ​ប្រើប្រាស់​ ដើរ​កាប់​ជន្លេន​លក់​ និង​ជា​កម្មករ​រោងចក្រ​ស្ទើរ​ពុំ​ស្គាល់​ថ្ងៃសម្រាក​នោះ​ បាន​តស៊ូ​រហូត​ក្លាយជា​ឧកញ៉ា​ដ៏​ល្បីល្បាញ​ និង​មានទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​។

កុមារ​ គួច​ ម៉េ​ងលី​ កើត​នៅ​ថ្ងៃអង្គារ​ ខែចេត្រ​ ឆ្នាំរកា​ ត្រូវ​នឹង​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ១៩៦៩​ នៅក្នុង​ភូមិ​ចម្ការសំរោង​ ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​ ដែល​មានឈ្មោះ​ពី​កំណើត​ថា​ ចាន់​ឌី​។ ចាន់​ឌី​ ជា​កូន​ទី៤​ ក្នុងចំណោម​បងប្អូន៩នាក់​ គឺ​ប្រុស៥នាក់​ និង​ស្រី៤នាក់​ តែ​ប្អូនស្រី​ម្នាក់​ បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។

ចាន់​ឌី​ ចាក​ពី​ផ្ទៃ​ម្ដាយ​មិនទាន់​បាន​ប៉ុន្មាន​ខែ​ស្រួលបួល​ផង​ ក្នុង​ស្រុកទេស​បាន​កើតឡើង​នូវ​ព្រឹត្តិ​ការណ៍​មួយ​ ដែលគេ​បាន​ចារ​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​ គឺ​ខុទ្ទកា​រល័យ​ព្រះប្រមុខរដ្ឋ​សម្ដេច​ សីហនុ​ បាន​ចេញ​សេចក្ដីប្រកាស​ជា​សាធារណៈ​យាង​ព្រះអង្គ​ទៅ​ប្រទេស​បារាំង​ ដើម្បី​ព្យាបាល​ព្រះរោគ​។ បន្ទាប់​ក្រោយមក​ ក៏​មាន​ព្រឹត្តិ​ការណ៍​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ សម្ដេច​នរោត្តម​ សីហនុ​ ពី​ព្រះប្រមុខរដ្ឋ​។ សង្រ្គាម​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ ក៏​ផ្ទុះឡើង​ដោយ​ខ្មែរ​ សម្លាប់​ខ្មែរ​ និង​ខ្មែរ​ ធ្វើសង្គ្រាម​ជាមួយនឹង​វៀតណាម​ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ លន់​ នល់​។ ស្ទើរតែមិនដល់១ឆ្នាំ ស្រួលបួលផង ប្រមុខសេនា លន់ នល់ បោសសម្អាតជនជាតិវៀតណាម ពីកម្ពុជា ស្ទើរតែអស់ទាំងស្រុង…

កាល​ណោ​នោះ​ ម៉េ​ងលី​ ចម្រើន​វ័យ​បាន​ប្រមាណ​ជា៥ឆ្នាំ​តែប៉ុណ្ណោះ​ ស្រាប់តែ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (ខ្មែរក្រហម​) ក៏បាន​ផុស​ឡើង​ បន្ត​ពី​សង្គ្រាម​សាធារណរដ្ឋ​ខ្មែរ​ ចាប់ពី​ឆ្នាំ១៩៧៥​-១៩៧៩​។ ក្នុង​របប​នេះ​ ប្រជាជន​កម្ពុជា​ជិត​ពីរ​លាន​នាក់​បាន​ស្លាប់​ និង​ជាច្រើន​រយ​នាក់​ទៀត​បាន​រង​របួស​ ពិការ​ និង​ព្រាត់​ប្រាស់​ក្រុម​គ្រួសារ​។ ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ម៉េ​ងលី​ ក៏​មិន​ខុសពី​ប្រជាជន​ខ្មែរ​ទាំងឡាយ​ដែរ​ គឺ​ទ្រាំ​រស់​ទាំង​ស៊ី​អត់​ស៊ី​ឃ្លាន​យ៉ាង​លំបាកលំបិន​ស្ទើរតែ​រង់ចាំ​សេចក្ដីស្លាប់​ តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ចាន់​ឌី​ វាសនា​ល្អ​តស៊ូ​រក្សា​ជីវិត​បាន​ដោយ​ឆ្លងផុត​ពី​សេចក្ដី​មរណៈ​អស់​រយៈពេល៣ឆ្នាំ​ ៨ខែ​ និង២០ថ្ងៃ​ ដែរ​។

ក្រោយពីរបប​នេះ​ ដួល​រលំ សង្ឃឹមថា​ នឹង​រស់នៅ​ប្រកបដោយ​សន្តិភាព​ ជួបជុំ​គ្រួសារ​មាន​សុភមង្គល​ និង​ហូបចុក​បរិបូរណ៍​វិញ​ តែ​មិន​ដូច​ការ​គិត​នោះ​ទេ​។ ក្រោយពី​បាន​ជួបជុំ​បងប្អូន​ និង​ឪពុកម្ដាយ​ កុមារ​រូប​នេះ​ ត្រូវ​បាន​ម្ដាយ​ឪពុក​ នាំគ្នា​បន្ត​រត់​ភៀសខ្លួន​ម្ដង​ទៅ​នេះ​ ម្ដង​ទៅ​នោះ​ជាបន្តបន្ទាប់​ទៀត​ ដើម្បី​គេច​ពី​ខ្មែរក្រហម​ ចាប់​ធ្វើជា​ទាហាន​ ព្រោះ​បើ​មិនព្រម​ អាច​ត្រូវ​សម្លាប់ចោល​។

រម្លឹក​ក្រោយ​ថ្ងៃ​រំដោះ៧មករា​ ឆ្នាំ១៩៧៩​ នៅ​អំឡុង​ខែមិថុនា​ ក្រុម​គ្រួសារ​កុមារ​ គួច​ ម៉េ​ងលី ​បាន​ចាកចេញ​ពី​ខេត្តបាត់ដំបង​ ដើម្បី​ចាកចេញ​ក្នុង​គោលបំណង​ទៅ​រស់នៅ​ក្នុង​ជំ​រំ​ណង​ចាន់​ដោយ​ទទួល​ព័ត៌មាន​ថា​ ខ្មែរក្រហម​នឹង​ចាប់​ប្រជាជន​យក​ធ្វើទាហាន​ និង​សម្លាប់ចោល​ បើសិន​មិនព្រម​។ មិន​ដូច​ការ​គ្រោងទុក​នោះ​ទេ​ រស់នៅ​ក្នុង​ជំ​រំ​ណង​ចាន់​បាន​រយៈ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ចាន់​ឌី​ បងប្អូន​ និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​ ម៉ឺន​នាក់​ទៀត​ ត្រូវ​ទាហាន​ថៃ​ បង្ខំ​ឱ្យ​ឡើង​រថយន្តក្រុង​ ឆ្ពោះទៅ​កាន់​តំបន់​ភ្នំដងរែក​ទឹកដី​ខ្មែរ​ ដើម្បី​ចាក់​ទម្លាក់​ចោល​ទៅ​ក្នុង​ជ្រោះ​ ខ្លះ​ជាន់​មីន​ស្លាប់​ ខ្លះ​ស្លាប់​ដោយ​ឥត​អាហារ​ ខ្លះ​ស្លាប់​ដោយ​ជំងឺ​ យ៉ាងច្រើន​បំផុត​។ លើស​ពីនេះ​ មុននឹង​ចាកចេញ​ទៅ​ភ្នំដងរែក​នេះ​ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ មាន​ក្រុម​ចោរ​មួយ​ក្រុម​ប្រដាប់ដោយ​ដាវ​យ៉ាង​មុត​ស្រួច​ បាន​ចូល​ប្លន់​ក្រុម​គ្រួសារ​លោក​ និង​ប្រជាជន​ភៀសខ្លួន​ដទៃទៀត​ ដើម្បី​យក​មាសប្រាក់​ និង​លុយកាក់​អស់​គ្មាន​សល់​ ដែល​នៅ​ជាប់​នឹង​ខ្លួន​។

តែ​វាសនា​ល្អ​ ចាន់​ឌី​ និង​ក្រុម​គ្រួសារ​ បាន​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ ដោយ​ត្រឡប់ទៅ​ខេត្តបាត់ដំបង​ វិញ​ដោយ​ប្រកបរបរ​លក់ដូរ​ និង​ធ្វើស្រែ​ធម្មតា​ ប៉ុន្តែ​នៅ​ឆ្នាំ១៩៨១​ ដល់​ឆ្នាំ១៩៨២​ ក្រុម​គ្រួសារ​ ម៉េ​ងលី​ មិន​បោះ​បង់​មហិ​ច្ច​តា​ទៅ​ប្រទេស​ទី៣នោះ​ឡើយ​ គឺ​តស៊ូ​ទៅ​ម្ដងទៀត​ ដោយ​មាន​មេខ្យល់​ជា​អ្នកនាំ​ផ្លូវ​។ តែ​មេខ្យល់​ បាន​នាំ​ផ្លូវ​ត្រឹម​ពាក់កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ​ ក៏បាន​ប្រមូល​ប្រាក់​អស់​ ហើយ​គេចខ្លួន​បាត់​ទៅ​។ តែ​ទោះ​យ៉ាងនេះ​ក្ដី​ ទីបំផុត​ ម៉េ​ងលី​ និង​ក្រុម​គ្រួសារ​ បាន​តស៊ូ​រហូត​ទៅដល់​ជំរំ​ខាវ​អ៊ី​ដាង​ ដោយ​ជោគជ័យ​។

រស់នៅ​ក្នុង​ជំរំ​ខាវ​អ៊ី​ដាង​ ជីវិត​គ្រួសារ​យុវជន​រូប​នេះ​ ក៏​មិន​ខុសពី​គ្រួសារ​ខ្មែរ​រាប់​ម៉ឺន​ផ្សេងទៀត​ដែល​ភៀសខ្លួន​ដែរ​ គឺ​រស់​រំពឹង​ទៅលើ​ការ​ផ្តល់​ជំនួយ​ពី​អង្គការ​មនុស្សធម៌​អន្តរជាតិ​ ដោយ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ត្រូវ​រស់នៅ​ដោយ​ដេក​ក្រោក​ៗ ដើរ​អង្គុយ​ តាមដំណើរ​ព្រះអាទិត្យ​។ តែ​ក្ដី​សង្ឃឹម​នៅតែ​រង់ចាំ​ និង​ជឿជាក់​ថា​ នឹង​បាន​ចេញពី​ជំរំ​នេះ​ ទៅ​ប្រទេស​ទី៣​ នៅ​ថ្ងៃណាមួយ​ជាមិនខាន​។ (ដកស្រង់ចេញ​ពី​សៀវភៅ​ «ពេល​មួយ​ ដែល​ខ្ញុំ​ស្គាល់​ ដុកទ័រ​ គួច​ ម៉េ​ងលី​» ដើម្បី​លម្អិត​ អាច​រក​ជាវ​បាន​)។

រស់នៅ​ជំរំ​នេះ​ បាន​ជាង១ឆ្នាំ​ ពោល​ក្នុង​ឆ្នាំ១៩៨៣​ ទើប​កុមារ​ ចាន់​ឌី​ មានឈ្មោះ​ទៅកាន់​ជំរំ​ Transitional​) ខ្មែរ​ហៅថា​ (Transit​ ដែល​ជា​កន្លែង​ដាក់​ជនភៀសខ្លួន​ឱ្យ​នៅ​ជុំគ្នា​ ដោយ​ក្នុង១បន្ទប់​ មាន​មនុស្ស​ចាប់ពី៣០​ ទៅ៤០នាក់​។

ក្រោយ​ចេញពី​ជំរំ​ Transit​ ម៉េ​ងលី​ និង​ក្រុម​គ្រួសារ​ បាន​បន្ត​ឆ្ពោះទៅ​កាន់​ជំរំ​ហ្វីលីពីន​។ នៅក្នុង​ជំរំ​នេះ​ គឺ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ ជាង​នៅ​ខាវ​អ៊ី​ដាង​ អ្នក​ដែល​បាន​មកដល់​ជំរំ​នេះ​ គឺ​ប្រៀប​ដូច​បាន​ឡើង​ឋានសួគ៌​អ៊ីចឹង​ដែរ​។

ស្នាក់នៅ​ក្នុង​ជំរំ​ហ្វីលីពីន​ ប្រមាណ​ពី៧​ ទៅ៩ខែ​ ទើបត្រូវ​បាន​គេ​បន្ត​ឱ្យ​ចាកចេញ​ទៅ​ប្រទេស​ទី៣ទៀត​ ដោយ​​​បន្ត​រស់​នៅក្នុង​ជំរំ​នេះ​អស់​រយៈពេល៩ខែ​ ទើបបាន​ចាកចេញ​ទៅ នៅក្នុង​ខែមេសា​ ឆ្នាំ១៩៨៤​ ទើប​ទៅដល់​សហរដ្ឋ​អាមេរិក​។

បើ​តាម​លោក​ គួច​ ម៉េ​ងលី​ បានឱ្យ​ដឹង​ថា​ នៅពេល​ទៅដល់​សហរដ្ឋអាមេរិក​ មនុស្ស​ភាគច្រើន​ គឺ​មាន​អ្នកធានា​ Sponsor​ ផ្ទុយទៅវិញ​គ្រួសារ​លោក​មាន​សមាជិក​រហូត​ចំនួន១០នាក់​ គឺ​គ្មាន​អ្នកណា​ម្នាក់​ធានា​ ឬ Sponsor​ ឡើយ​។ ដូច្នេះ​ តម្រូវ​រស់នៅ​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន​មួយ​រយៈ​បន្ថែម​ទៀត​….

លុះ​នៅ​ឆ្នាំ១៩៨៤​ ដល់​ឆ្នាំ១៩៨៩​ ទោះ​រស់នៅ​លើទឹក​ដី​អាមេរិក​ ដែល​ជា​ប្រទេស​ជឿនលឿន​យ៉ាងណាក្ដី​ តែ​យុវជន​រូប​នេះ​ ត្រូវ​ធ្វើការ​ឱ្យ​គេ​ ដើម្បី​ចិញ្ចឹម​ក្រពះ​បន្ត​រស់​ដូច​គេឯង​ដែរ​។ពោល​ជា​រៀងរាល់ថ្ងៃ​ ម៉េ​ងលី​ ត្រូវ​ទៅរៀន​រហូតដល់​ម៉ោង៣កន្លះ​ល្ងាច​ ទើប​ត្រឡប់​មកដល់​ផ្ទះ​វិញ​ បន្ទាប់ពី​ដាក់សៀវភៅ​ ឬកាតាប​ចុះ​ គឺ​ដល់ពេល​រថយន្ត​ មក​ដឹក​លោក​ និង​ក្រុម​គ្រួសារ​ទៅ​ធ្វើការ​ បើ​រាប់ទាំង​ឪពុក​របស់​លោក​គឺ​មាន​សមាជិក៦នាក់​ ដោយធ្វើ​ការ​រហូត​ដល់ម៉ោង១១យប់​ ទើប​ត្រឡប់មកវិញ​។ ចំពោះ​ការសម្រាក​ ឬដេក​នៅពេល​យប់​ ស្ទើរតែ​គ្មាន​ពេលសម្រាក​ឡើយ​។ កិច្ចការ​ទាំងឡាយ​ លោក​បាន​ឆ្លងកាត់​ស្ទើរគ្រប់​រសជាតិ​ ទាំង​រក​ជន្លេន​លក់​ និង​ជា​កម្មករ​រោងចក្រ​ជាដើម​។

បើ​និយាយ​ពី​ការរស់នៅ​សហរដ្ឋអាមេរិក​ គឺ​ត្រូវ​ទៅរៀន​ពី​ព្រឹកព្រលឹម​ រហូត​ដល់ម៉ោង៣កន្លះ​ល្ងាច​ ទើបបាន​ចេញពី​រៀន​វិញ​។ ជា​រៀងរាល់ថ្ងៃ​ លោក​ត្រូវ​ធ្វើការងារ​ចំនួន៧ថ្ងៃ​ ក្នុង១សប្ដាហ៍​។ សម្រាប់​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​ នៅពេល​ទំនេរ​ពី​ការសិក្សា​ គឺ​ត្រូវ​ធ្វើការ​ពេញមួយថ្ងៃ​។ បើស​រុ​បទាំង៦នាក់​ ក្រុម​គ្រួសារ​យុវជន​រូប​នេះ​ ទទួល​កម្រៃ​ត្រឹមតែ១០០​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​មួយថ្ងៃ​។

អស់​រយៈពេល​ជា​យូរឆ្នាំ​ នៅ​សហរដ្ឋអាមេរិក​ ក្រុម​គ្រួសារ​អ្នកតស៊ូ​រូប​នេះ​ កម្រ​ទិញ​របស់របរ​ប្រើប្រាស់​ ព្រោះ​ភាគច្រើន​ដើរ​រើស​របស់របរ​ ដែល​គេ​បោះបង់ចោល​នៅ​តាម​ទី​សាធារណៈ​។ ក្រោយពី​តស៊ូ​ អត់​ធ្ម​ត និង​ពុះពារ​រាល់​ឧបសគ្គ​ទាំងនេះ​ លោក​ គួច​ ម៉េ​ងលី​ បាន​ចាប់ផ្ដើម​មាន​ពន្លឺ​ម្ដង​បន្តិច​ៗ រហូត​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័យ​ នៅ​សាកល​វិទ្យាល័យ​ California​, Berkeley​ សហ​រដ្ឋ​អាមេរិក​ ដែល​ជា​កន្លែង​ដែល​លោក​បញ្ចប់​ផ្នែក​ Pre​-Med​ Studies​ នៅ​ឆ្នាំ១៩៩១​។ បន្ទាប់ពី​ទទួល​សញ្ញាបត្រ​នេះ​ហើយ​ លោក​មិនបាន​បញ្ឈប់​ការសិក្សា​ត្រឹមនេះ​ឡើយ​ គឺ​បន្ត​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​បន្ត​ទៀត​។ លុះ​នៅ​ឆ្នាំ១៩៩៨​ លោក​បាន​បញ្ចប់​ការសិក្សា​ពីសា​កល​វិទ្យាល័យ​ Spartan​ Health​ Scinces​ នៃ​រដ្ឋ​ New​ Mexico​ សហ​រដ្ឋ​អាមេរិក​ ដោយ​ទទួល​បាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​។ ក្រៅពី​នេះ​ និស្សិត​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ដដែល​នេះ​ បាន​ចូល​ធ្វើជា​សាស្ត្រា​ចារ្យ​ ផ្នែក​វិទ្យាសាស្ត្រ​ បង្រៀន​នៅ​ដេ​ប៉ាតឺ​ម៉ង់​វិទ្យាសាស្ត្រ​រូបរាងកាយ​ និង​ជីវិត​ នៃ​មហាវិទ្យាល័យ​ Cleveland​ Chiropractic​ នៅ​ក្រុង​ Los​ Angeles​ រដ្ឋ​ California​ អស់​មួយ​រយៈ​ មុននឹង​លោក​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ២០០៧​ លោក​ទទួល​បាន​សញ្ញា​បត្រ​អនុបណ្ឌិត​ ផ្នែក​សុខភាព​សាធារណៈ​ ពីសា​កល​វិទ្យាល័យ​ Massachusetts​ Amherst​ ទីក្រុង​ Amherst​ នៃ​រដ្ឋ​ Massachusetts​ សហរដ្ឋអាមេរិក​។

ដោយសារ​នឹក​ និង​ស្រឡាញ់​ទឹកដី​កំណើត​របស់​ខ្លួន​កាន់តែ​ខ្លាំង​នោះ​ អតីត​សាស្ត្រា​ចារ្យ​ ផ្នែក​វិទ្យាសាស្ត្រ​រូប​នេះ​ បាន​ស្ម័គ្រចិត្ត​ធ្វើជា​គ្រូពេទ្យ​ ចុះ​មក​បម្រើ​ប្រជាពលរដ្ឋ​នៅ​ប្រទេសកំណើត​របស់ខ្លួន​វិញ​ នៅក្នុង​អង្គការ​ដៃគូ​ សម្រាប់​អភិវឌ្ឍន៍​។ ក្នុងនាម​ជា​ពេទ្យ​មនុស្សធម៌​ មាន​តួនាទី​ជាទី​ប្រឹក្សា​ ផ្នែក​សុខភាព​សាធារណៈ​ នៅ​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។ តែ​ដោយ​សង្កេតឃើញ​វិស័យ​អប់រំ​នៅ​កម្ពុជា​ នៅ​មានកម្រិត​ និង​មិន​ទាន់​ស្ដ​ង់​ដារ​ត្រឹមត្រូវ​ប៉ុន្មាន​ផង​នោះ​។ ជាពិសេស​ គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ភាសាបរទេស​ ក៏​ពុំ​សូវ​មាន​សាលា​ណា​លេចធ្លោ​ ឬល្បីល្បាញ​ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ផង​នោះ​ គ្រូពេទ្យ​ស្ម័គ្រចិត្ត​រូប​នេះ​ បានសម្រេច​ចិត្ត​បង្កើត​គ្រឹះស្ថាន​បណ្ដុះ​បណ្ដ​លភា​សា​អង់គ្លេស​ ចិន​ និង​កុំព្យូទ័រ​ ដោយ​បើក​ដំណើរការ​ នៅ​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០០៥​ នោះ​គឺ​ វិទ្យាស្ថាន​ អន្តរទ្វីប​ អាមេរិកាំង​ បច្ចុប្បន្ន​នេះ​ ប្ដូរ​ទៅជា​ មជ្ឈមណ្ឌល​ភាសា​ អេ​ អា​ អាយ​។ ការ​បើក​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ភាសាបរទេស​នេះ​ គឺ​មានការ​គាំទ្រ​យ៉ាង​ផុស​ផុស​បំផុត​ពីសា​ធារ​ណជន​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ម្ចាស់​សាលា​រូប​នេះ​ បានសម្រេច​បង្កើត​គ្រឹះស្ថាន​ចំណេះដឹង​ទូទៅ​បន្ថែម​ទៀត​ នោះ​គឺ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០០៥​។

ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ រូប​នេះ​ បាន​រៀ​បអាពាហ៍​ពិពាហ៍​ នៅក្នុង​ឆ្នាំ២០០៣​ ជាមួយនឹង​កញ្ញា​អ៊ឹ​ង លី​ហុង​។ សព្វថ្ងៃ​នេះ​ លោក​ គួច​ ម៉េ​ងលី​ មាន​ងារ​ជា​ ឯកឧត្តម​ ឧកញ៉ា​ និង​វេជ្ជបណ្ឌិត​ ហើយ​សម្រាប់​ក្រុមហ៊ុន​ លោក​មាន​តួនាទី​ជា​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។

ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ របស់​លោក​សព្វថ្ងៃ​នេះ​ គឺ​មាន​បុត្រ​សម្ពន្ធ​ជាច្រើន​ នៅ​កម្ពុជា​ និង​កំពុង​ល្បាញ​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​។ ទោះ​លោក​ឧកញ៉ា​ ធ្វើអាជីវកម្ម​ ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ និង​មមាញឹក​ទៅ​នឹង​កិច្ចការ​ក្រុមហ៊ុន​យ៉ាងនេះ​ក្ដី​ ក៏​លោក​នៅតែ​ឆ្លៀតពេល​ដ៏​មានតម្លៃ​ ក្នុង​ការចែក​រំលែក​ចំណេះដឹង​ ចំណេះធ្វើ​ និង​បទ​ពិសោធ​ ដល់​សាធារណជន​ ជាពិសេស​យុវជន​ នៅ​តាម​សិក្ខា​សា​លា​ផ្សេង​ៗជាដើម​ ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ថែមទាំង​ចំណាយពេល​វេលា​ កម្លាំងកាយ​ ចិត្ត​ និង​ទ្រព្យធន​បរិច្ចាគ​ទៅកាន់​សង្គមជាតិ​របស់​លោក​មិនដែល​អាក់ខាន​ឡើយ​។

ទោះ​បច្ចុប្បន្ន​នេះ​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ មាន​បុត្រ​សម្ពន្ធ​នៃ​ក្រុមហ៊ុន​ច្រើន​ ប៉ុន្តែ​ លោក​បាន​ផ្ដោត​សំខាន់​ខ្លាំង​ជាងគេ​ គឺ​ទៅលើ​វិស័យ​អប់រំ​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ក្នុង​នោះ​ មជ្ឈមណ្ឌល​ និង​សាលារៀន​ រហូតដល់៦សា​ខា​ធំៗ​ នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​សិស្សានុសិស្ស​រាប់​ម៉ឺន​នាក់​កំពុង​សិក្សា​ និង​បញ្ចប់​ការសិក្សា​។

សូមជម្រាប​ថា​ ​​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​ធ្លាប់​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ឧកញ៉ា​ចិត្តធម៌​នៅ​កម្ពុជា​ លើសពីនេះ លោក​ក៏​ធ្លាប់​ទទួល​បាន​ពានរង្វាន់​លំដាប់​អន្តរ​ជា​តិ​ធំៗ​ជាច្រើន​ផង​ដែរ​។ ក្នុង​នោះ​មាន​ដូចជា​ ពានរង្វាន់​សហគ្រិន​ឆ្នើម​ពី​ប្រទេសិ​ង្ហ​បុរី​ នៅ​ឆ្នាំ២០១២​។ ពានរង្វាន់​អន្តរជាតិ​លើ​គុណភាព​ នៃ​ភាពជា​អ្នក​ដឹក​នាំ​ ក្រុងប៉ារីស​ ព្រមទាំង​ពាន​រង្វាន់​ The​ Bizz​ Arabic​ ពី​ World​ Confederation​ of​ Businesses​ នៅ​ទីក្រុង​ឌុយបៃ​ នៅ​ឆ្នាំ២០១៣​។

លើស​ពីនេះ​ លោក​សាស្រ្តា​ចារ្យ​ ក៏​ធ្លាប់​ទទួល​ពានរង្វាន់​លំដាប់​ពិភពលោក​ជា​ច្រើន​ទៀតផង​ដែរ​ដូចជា​ ពានរង្វាន់​ទ្វី​បទំា​ង៥​ និយាយ​អំពី​គុណភាព​ និង​ឧត្តមភាព​ ពីទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។ ពានរង្វាន់​សហគ្រាស​ឆ្នើម​បំផុត​ លើ​វិស័យ​អប់រំ​ ដែល​ប្រគល់​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ នៅ​ចក្រភព​អង់គ្លេស​។ ​;ពានរង្វាន់​សហភាព​អឺរ៉ុប​ លើ​ប្រតិបត្តិ​ការ​នៃ​អាជីវកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ២០១៤​ នៅ​ទីក្រុង​ព្រុច​ ស៊ែ​ល ប្រទេស​ប៊ែលហ្សិ​ក។

ក្រៅពី​នេះ​ ក៏​ធ្លាប់​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលខុសត្រូវ​ក្នុង​សង្គម​ នៅ​ឆ្នាំ២០១៤​ ពីទី​ក្រុង​ Houston​ រដ្ឋ​តិច​សាស់​ នៃ​សហរដ្ឋអាមេរិក​។ ពានរង្វាន់​មេដាយ​មាស​ លើ​គុណភាព​ និង​សេវាកម្ម​ ប្រចាំឆ្នាំ២០១៤​ ពី​ប្រទេស​ប្រេស៊ីល​។ ពានរង្វាន់​អង្គភាព​ឆ្នើម​ Tayo​ នែ​អាស៊ាន​ ប្រចាំឆ្នាំ​២០១៤​ ក្រុង​បង់​ដា​សេ​រី​មេ​ហ្គា​វ៉ាន់​ ប្រទេស​ប៊្រុយ​ណេ​។ វិញ្ញា​បន​បត្រ​ ភាពជា​អ្នកដឹកនាំ​ និង​ជា​ដៃគូ​ផ្នែក​អប់រំ​ នៅ​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​។ ពានរង្វាន់​ឧត្តមភាព​ នៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ផ្នែក​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម​ នៅ​ឆ្នាំ​២០១៨​ នៅ​ប្រទេស​សង្ហ​បុរី​។

ចុង​ក្រោយ​ថ្មី​ៗនេះ​ សហគ្រិន​ឆ្នើម​រូប​នេះ​ ក៏​ទទួល​បាន​ពានរង្វាន់​មួយចំនួន​បន្ថែម​ទៀត​ ដោយ​ក្នុង​នោះ​មាន​ដូចជា​ ឧកញ៉ា​មនុស្សធម៌​ប្រចាំឆ្នាំ២០១៨​ និង​សប្បុរសជន​ដ៏​អស្ចារ្យ​ទាំង៥​ ប្រចាំឆ្នាំ២០១៥​ និង​ឆ្នាំ២០១៧​ តាមរយៈ​គេហទំព័រ​សារព័ត៌មាន​ Sabay​ News​។ ពានរង្វាន់​ក្នុង​កម្មវិធី​ឧត្តមភាព​ ឆ្នាំ២០១៨​ នៅ​ប្រទេស​កម្ពុជា​។ ពានរង្វាន់​ ឧត្តមភាព​នៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ផ្នែក​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម​ នៅ​ប្រទេស​សិង្ហបុរី​ នា​ឆ្នាំ២០១៨​។ អ្នកដឹកនាំ​អាជីវកម្ម​ឆ្នើម​ប្រចាំឆ្នាំ២០១៥​ និង២០១៦​ នៅក្នុង​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​កម្ពុជា​។ ពានរង្វាន់​អ្នកដឹកនាំ​ឆ្នើម​ ក្នុងនាម​ជា​ដៃគូ​អប់រំ​ ដែល​ប្រគល់​ដោយ​សមាគម​ Worlddidac​ ក្នុង​សន្និសីទ​ ថ្នាក់​តំបន់​អាស៊ី​ របស់​ Worlddidac​ ប្រចាំឆ្នាំ២០១៥​ នៃ​ទីក្រុង​ហុងកុង​ ប្រគល់​ដោយ​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ ទី២៧​ គឺ​លោកស្រី​ Julia​ Gillard​ និង​ពានរង្វាន់​ជាតិ​ និង​អន្តរជាតិ​ ជាច្រើន​គ្រឿង​ទៀត។

គួររម្លឹកថា បច្ចុប្បន្ន លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្ដោត​សំខាន់ទៅលើការវិនិយោគទៅ​លើវិស័យអប់រំនៅកម្ពុជា កំពុងទទួលបានការគាំទ្រ និងល្បីល្បាញ​ទាំងថ្នាក់ជាតិ អន្តរជាតិ។ នេះបើតាម​សៀវភៅ «ពេលមួយដែលស្គាល់ដុកទ័រ គួច ម៉េងលី» ដែលជាសៀវភៅពេញនិយមក្នុងស្រទាប់យុវជន និងបញ្ញវន្តខ្មែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *

shares