ច្បាស់ការហើយ! សាកសពដែលរកឃើញក្នុង​ផ្លូវ​ផ្នូរបុរាណនៃរជ្ជកាល ហាន គឺជាកំពូលមេទ័ព ឆាវឆាវ

អ្នក​បុរាណ​វិទូ​បាន​រុករក​ឃើញ​រាងកាយ​នៃ​សាកសព​របស់​កំពូល​មេទ័ព​របស់​ប្រទេស​ចិន ដែល​បាន​កប់​ទុក​ក្នុង​ផ្លូវ​ផ្នូរ​បុរាណ​ដែល​មាន​អាយុ​កាល ១ ៨០០ ឆ្នាំ ។

ផ្លូវ​ផ្នូរ​បុរាណ​ដែល​បាន​លាក់​ទុក​នៅ​ក្រោម​ដី​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា​សាងសង់​ឡើង​ក្នុង​ឆ្នាំ ២២០ នៃ​គ្រិស្តសករាជ គឺ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​របស់​កំពូល​មេទ័ព ឆាវឆាវ ដែល​ជា​មេទ័ព​ដ៏​ល្បី​ក្នុង​ចុង​រជ្ជកាល ហាន ​ភាគ​ខាង​លិច ។

តំបន់​ផ្នូរ​បុរាណ​ដ៏​ធំ​នេះ គឺ​ពិបាក​ក្នុង​ការ​រុករក ខណៈ​រូបរាង​ផ្នែក​ខាង​លើ​នៃ​ផ្នូរ​នេះ​គឺ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់ ។ អ្នក​ប្រវត្តិវិទូ​បាន​និយាយ​ថា ទេពកោសល្យ​ដ៏​ខ្លាំង​ពូកែ​ខាង​នយោបាយ និង ​កិច្ចការ​ដឹក​នាំ​កងទ័ព​របស់ ឆាវឆាវ គឺ​បាន​ធ្វើ​ឲ្យ​គាត់​អាច​សាងសង់​រដ្ឋធានី​មួយ​ដ៏​ខ្លាំង​​អស្ចារ្យ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន ។ លោក​បាន​កាន់កាប់​ទីនោះ អំឡុង​សម័យកាល​នគរ ៣ ក្នុង​ឆ្នាំ ២០៨ ទៅ ២៨០ នៃ គ្រិស្តសករាជ ខណៈ​ប្រទេស​ចិន មាន​អ្នក​កាន់​អំណាច ៣ ផ្សេង​គ្នា ។

ផ្លូវ​ផ្នូរ​បុរាណ​ដែល​ត្រូវ​បាន​ឲ្យ​ដឹង​ថា​ជា​របស់​មេទ័ព​រូប​នេះ គឺ​បាន​រុករក​ឃើញ​ក្នុង​ឆ្នាំ ២០០៩ ប៉ុន្តែ​មតិ​ប្រតិកម្ម​បាន​កើត​មាន​ឡើង ដោយ​ការ​ជជែក​វែកញែក​គ្នា​ថា បន្ទប់​សម្ងាត់​សំខាន់​ជាងគេ​នៅ​ក្នុង​នោះ គឺ​ជា​របស់ ឆាវឆាវ​ពិត​មែន ឬ​យ៉ាង​ណា ។

 

ក្រោយ​មក អ្នក​បុរាណ​វិទូ​មក​ពី វិទ្យាស្ថាន បេតិកភណ្ឌ​វប្បធម៌​និង​បុរាណ​វិទ្យា​ខេត្ត បាន​និយាយ​ថា ឥលូវ​ពួកគេ​ជឿជាក់​ច្បាស់​ថា សាកសព​របស់​បុរស​ក្នុង​វ័យ​ចន្លោះ​ពី ៦០ ទៅ ៧០ ឆ្នាំនេះ គឺ​ជា​សាកសព​របស់​កំពូល​មេទ័ព ឆាវឆាវ ។

បើ​ទោះ​បី​ជា ឆាវឆាវ ត្រូវ​បាន​គេ​គោរព​ស្ញប់ស្ញែង អំឡុង​ពេល​លោក​ស្លាប់​ក្ដី ប៉ុន្តែ ផ្លូវ​ផ្នូរ​បុរាណ នៃ​រុករក​ឃើញ​ក្នុង​ភូមិ Gaoxixue នៃ​តំបន់ Anyang ក្នុង​ភាគ​ខាងលិច​នៃ​ខេត្ត Henan នេះ គឺ​រក​ឃើញ​ព័ត៌មាន​ពាក់ព័ន្ធ​ពី​កន្លែង​នោះ គឺ​តិច​តួច​ណាស់ ដោយ​អ្នក​ស្រាវជ្រាវ​បាន​គិត​ថា ឆាវ​ឆាវ គឺ​បាន​ហាមប្រាម​មិន​ឲ្យ​សាង​សង់​ជា​ផ្លូវ​ផ្នូរ​បុរាណ​អី​ទេ ប៉ុន្តែ​កូន​ប្រុស​របស់​លោក ឆាវ ពី បាន​ជម្នះ​ និង​សាងសង់​ផ្លូវ​ផ្នូរ​មួយ​នេះ​ទាល់​តែ​បាន ៕
ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *

shares