ខាន់ ចេសា នៅតែគ្មានឱកាសប្រកួតនៅវៀតណាម ដោយការសុំប្តូរទម្ងន់ប្រកួតត្រូវបានបដិសេធ
បញ្ហាលើសទម្ងន់២៤០ក្រាម បានធ្វើឲ្យកីឡាការិនីជឺជិតស៊ូ ខ្មែរ-អាម៉េរិក ខាន់ ចេសា ខកឱកាសទៅប្រជែងមេដាយក្នុងប្រភេទទម្ងន់៤៨គីឡូក្រាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម។ ក្រោយមកសំណើរសុំប្រកួតក្នុងទម្ងន់៦២គីឡូក្រាម ក៏ត្រូវបានសហព័ន្ធកីឡាជឺជិតស៊ូអន្តរជាតិបដិសេធភ្លាមៗផងដែរ។
ទាក់ទងនឹងបញ្ហាលើសទម្ងន់នេះ លោក វ៉ាត់ ចំរើន នាយបេសកកម្មនៃប្រតិភូកីឡាកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កម្ពុជាបានស្នើសុំជាផ្លូវការទៅកាន់គណៈកម្មការរៀបចំការប្រកួតដើម្បីអាចឲ្យ ចេសា ប្រកួតក្នុងប្រភេទទម្ងន់៦២គីឡូក្រាម ប៉ុន្តែសំណើរដែលផ្តួចផ្តើមដោយលោក ថោង ខុន ប្រធានប្រតិភូកីឡាកម្ពុជា ត្រូវបានបដិសេធភ្លាមៗ។
«សោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហព័ន្ធកីឡាជឺជិតស៊ូអន្តរជាតិ ប៉ុន្តែយើងត្រូវគោរពសេចក្តីសម្រេចចិត្តនេះ និងសូមអំពាវនាវឲ្យកីឡាករយើងទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិកីឡាអន្តរជាតិរបស់សហព័ន្ធកីឡាជឺជិតស៊ូអន្តរជាតិ និងសូមប្រកាន់យកស្មារតីកីឡាជារៀងរហូត»។ នេះជាការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
កីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា អាយុ២០ឆ្នាំ ជាកីឡាការិនីដ៏មានសក្តានុពលរបស់កម្ពុជា ដោយបានឈ្នះមេដាយមាសអាស៊ីឆ្នាំ២០១៨ និងស៊ីហ្គេមឆ្នាំ២០១៩ ជាបន្តបន្ទាប់ជូនជាតិ។ នាងក៏ជាអ្នកដើរគ្រវីទង់ជាតិកម្ពុជានាពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ផងដែរ៕
ប្រភព៖thmeythmey