ឃាត់ព្រះសង្ឃក្លែងក្លាយម្នាក់នៅខណ្ឌចំការមន ក្រោយសង្ស័យដោយដើរបិណ្ឌបាតខុសម៉ោងខុសពេល

រាជធានីភ្នំពេញ៖ បុរសម្នាក់បានក្លែងជាព្រះសង្ឃដើរបិណ្ឌបាតខុសម៉ោងខុសពេល ទើបប្រជាពលរដ្ឋមានការសង្ស័យក៏ប្ដឹងនគរបាលហៅមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរនាំ ចុងក្រោយដឹងថា ព្រះសង្ឃក្លែងក្លាយហើយក៏ឃាត់ខ្លួនតែម្តងកាលវេលាម៉ោង ២រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅំណុចមុខផ្ទះលេខ៦០ ភូមិ១ ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការម។

ជនបន្លំជាព្រះសង្ឃមានឈ្មោះ អ៊ិន ទេព ហៅសាយ អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ដើមគរ ខណ្ឌទួលគោក។

នគរបាលបានទទួលដំណឹងពីពលរដ្ឋមកថា មានបុរសម្នាក់សង្ស័យបន្លំជាព្រះសង្ឃស្លៀកពាក់ និងដើរបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ ដោយប្រាប់ថា មានបុណ្យផ្កានៅវត្តឆ្ងាយខ្វះខាត លុយសាងសង់។

នៅចំពោះមុខសមត្ថកិច្ច ជនឆបោករូបនេះ បានឆ្លើយថា គាត់មិនមែនព្រះសង្ឃពិតប្រាកដទេ គ្រាន់តែអត់លុយចាយ គ្មានកន្លែងស្នាក់នៅ ក៏បន្លំទៅទិញស្បង់លោកនៅផ្សារស្ទឹងមានជ័យ១ ឈុតតំលៃ៩ម៉ឺនរៀល ហើយដើរបិណ្ឌបានរយៈពេល៣ដងហើយ ក្នុង១ថ្ងៃដើរបិណ្ឌបាតបាន៥ទៅ៧ម៉ឺនរៀល តែដើរបិណ្ឌបាតលើទី៣ បានលុយតែ៩ពាន់រៀល ក៏នគរបាលឃាត់អប់រំតែម្ដងទៅ។

មន្រ្តីធម្មការសាលាខណ្ឌចំការមន បានបញ្ជាក់ថា ក្រោយការសាកសួរនាំរួច ទើបដឹងថា បុរសខាងលើនេះជាព្រះសង្ឃក្លែងក្លាយមិនមែនព្រះសង្ឃមានវត្តអារាមត្រឹមត្រូវ សូម្បីតែកន្លែងស្នាក់នៅផ្ទាល់ខ្លួនគ្មានផង។

ក្រោយឃាត់ខ្លួន មន្រ្តីបានធ្វើការអប់រំ និងដោះស្បង់ចេញឲ្យស្លៀកពាក់ខោអាវធម្មតាវិញ និងណែនាំបញ្ឈប់ការប្រព្រឹត្តអំពើបំផ្លាញសាសនាព្រះពុទ្ធ និងឲ្យកែប្រែខ្លួនធ្វើជាមនុស្សល្អឡើងវិញផងដែរ។ ក្រោយមន្រ្តីបានធ្វើការអប់រំ ក៏បញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការតាមនីតិវិធីច្បាប់៕

 

ប្រភព៖kbn

Leave a Reply

shares