ស៊ែរចែកគ្នាដឹងផង!! ក្បួនដូរជើងធូបតាមបែបចិនសែ ដំឡើងហ៊ុងស៊ុយ កាត់ឆុងកាតស៊យ ក្នុងឆ្នាំថ្មី
ជាទូទៅនៅមុនពេលបុណ្យចូលឆ្នាំចិន ១សប្ដាហ៍ គឺប្រជាជនចិន ឬខ្មែរសែស្រឡាយចិន រមែងធ្វើពិធីដកជើងធូប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែមករា ខាងមុខនេះ។ តើពិធីដកជើងធូបមានឥតន័យដូចម្ដេច? តើសែនដកជើងធូបបែបណាឲ្យត្រូវតាមក្បួនរបស់ចិន?។
ចង់ដឹងច្បាស់អំពីបញ្ហានេះ លោកគ្រូចិនសែពូកែទាយឆុតល្បីល្បាញនៅភ្នំពេញ កុក ឡុង នឹងបកស្រាយដូចខាងក្រោមនេះ៖
ពិធីសែនដកជើងធូប គឺជាពិធីមួយ នៃការជូនដំណើរទេព្តាចង្ក្រាន្តបាយឡើងឋានសួគ៌ ដើម្បីទូលព្រះឥន្ទអំពីជីវភាពនៃគ្រួសារនិមួយៗ។ ដូច្នេះការសែនដកជើងធូប គឺជាការយកចិត្ត (សូកប៉ាន់) ដល់ទេព្តាឆ្នាំចាស់ឲ្យទូលព្រះឥន្ទថា ផ្ទះនេះបានគោរពទេព្តាខ្លាំងណាស់ ម៉្លោះហើយទេព្តានឹងជូនពរឲ្យផ្ទះនេះរកស៊ីមានបាន។ «ជនជាតិចិនពេលខ្លះគេសែនខ្លាំងមាន១តុ ២តុ ដល់១០តុក៏មានដើម្បីបង្ហាញពីឥទ្ធិពលដល់ទេព្ដា ឲ្យទេព្តាជួយចម្រុងចម្រើន។»
និយាយមួយបែបទៀតការដកជើងធូប ១ឆ្នាំមានម្ដង ក៏ចង់កុំឲ្យជើងធូបពេញកំប៉ុង ដែលបង្កឲ្យមានហានិភ័យ នៃគ្រោះអគ្គីភ័យជាដើម។
ឆ្នាំណាឆុងនៅក្នុងពិធីសែនដកជើងធូប? មនុស្សដែលមានឆ្នាំម្សាញ់ វក កុរ ឆុងមិនអាចសែនដាក់ម្ហូប និងស្រាមុនបាននោះទេ សម្រាប់ការសែនដកជើងធូបឆ្នាំនេះ។ តែអាចធ្វើក្រោយពិធីសែនដកជើងធូបបាន។ ប៉ុន្ដែឆ្នាំផ្សេងៗអាចសែនជំនួសបានធម្មតា។
អំពីវិធីដកជើងធូប និងការអុជធូប
ពិធីដកជើងធូបក៏មានការរៀបចំដូចខ្មែរដែរមុនដកជើងធូប គឺធ្វើពិធីក្រុងពាលី។ ឯចិនគ្រាន់តែអុចធូបមួយដើមធំ និងផ្លែឈើមួយមុខ ជម្រាបជូនបារមីជំនាងផ្ទះ ទេព្តាចង្ត្រាន្តបាយ និងដូនតា ដោយប្រាប់ថានឹងត្រូវធ្វើការដកជើងធូបហើយ ហើយនៅពេលធូបមួយដើមនេះឆេះអស់ ១ភាគ៣ គឺចាប់ផ្ដើមដកធូប។
កំប៉ុងជើងធូបត្រូវដាក់ដីខ្សាច់១ដៃ ផេះ៧០% អង្ករ១០% ហើយស្វែងរកកាក់ ដាក់បញ្ឈរ ដែលមានរូបស្ដេច (ប្រទេសណាក៏បាន) បន្ទាប់មកដាក់ផេះពីលើ គឺមានធូបចំនួន ១៥ដើម ដូចបានជម្រាបជូនខាងលើ។