បាតុភូតអាវកាសដ៏កម្រ! ភពចំនួន៥ រះឡើងព្រមគ្នាលើលម្ហអាកាសនាថ្ងៃស្អែកនេះ
ភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ស្អែកនេះ នឹងមានបាតុភូតអាវកាសដ៏កម្រមួយកើតឡើងនៅក្នុងលម្ហអាកាស គឺភពចំនួន៥នឹងជួបគ្នានៅក្នុងគន្លងតារាវីថី ពោលគឺភពទាំង៥នឹងរះឡើងតំណាលគ្នាក្នុងពេលតែមួយ។ នេះបើយោងតាមគេហទំព័រ Star Walk ។
ភពទាំង៥ ដែលនឹងជួបគ្នានាព្រលឹមថ្ងៃស្អែកនេះ រួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហ និងភពសៅរ៍។ ព្រមជាមួយគ្នានេះ ព្រះចន្ទក៏នឹងបង្ហាញខ្លួនរះជាមួយភពទាំង៥ក្នុងពេលតែមួយផងដែរ។ គេហទំព័រ Star Walk បានឱ្យដឹងថា ភពទាំង៥ នឹងលាតសន្ធឹងពីទិសខាងកើតទៅខាងត្បូង ពាសពេញផ្ទៃមេឃ។
ចំណុចពិសេសនៃបាតុភូតុអាវកាសនេះ គឺអាចមើលឃើញដោយភ្នែកទទេបានដោយមិនចាំបាច់ប្រើឧបករណ៍នោះទេ។ ចំពោះពេលវេលាដែលអាចមើលបាតុភូតុនេះបាន គឺនៅចន្លោះម៉ោង១ទៀបភ្លឺ ដល់ម៉ោង ៦ភ្លឺ មុនព្រះអាទិត្យរះ។
នេះជាបាតុភូតតារាសាស្រ្តដ៏កម្រមួយដែលវាអាចកើតមានឡើងនៅរវាងប្រមាណ ១៨ ឆ្នាំម្ដង។ កាលពីឆ្នាំ២០០៤ មានបាតុភូតុនេះកើតឡើងម្ដងរួចមកហើយ ហើយបាតុភូតនេះនឹងកើតឡើងម្ដងទៀតនៅឆ្នាំ ២០៤០៕ អត្ថបទ ៖ សុជាតា
ប្រភព៖news.btv.com