ប្រើពេលតែជាងមួយម៉ោង ផ្លូវកាត់ថ្មីពីបាត់ដំបងទៅសៀមរាប
លោកព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបង្ហើបកាលបរិច្ឆេទសម្រាប់ការស្ថាបនាផ្លូវពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលអាចចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។
ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃ ២៤ មករា ឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ព្រួញ រិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ថា ផ្លូវពីបាត់ដំបងទៅសៀមរាប អាចចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។
លោកលើកពីគម្រោងស្ថាបនាផ្លូវនេះជាសរសៃឈាមដ៏សំខាន់ ហើយដែលក្រសួងសាធារណការនិងដឹកជញ្ជូនដាក់ចូលក្នុងគម្រោងអាទិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកាន់តែងាយស្រួលនិងចំណាយពេលតិចជាងមុន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមើលឃើញគុណប្រយោជន៍នៃគម្រោងស្ថាបនាផ្លូវថ្មីពីបាត់ដំបងទៅសៀមរាបមានសារសំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបម្រើដល់វិស័យទេសចរណ៍។
លោកថា ផ្លូវថ្មីនេះមានប្រវែងតែជាង ៧០ គីឡូម៉ែត្រ បើធ្វើដំណើរប្រើពេលតែជាងមួយម៉ោងប៉ុណ្ណោះគឺចំណេញច្រើនណាស់។
ផ្លូវពីបាត់ដំបងទៅសៀមរាបជាគម្រោងសហការសិក្សារវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Corporation របស់ប្រទេសចិន។ ផ្លូវដ៏ថ្មីសន្លាងមួយខ្សែនេះ បើតាមការសិក្សាត្រូវសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណេញចម្ងាយរហូតជាង ១០០ គីឡូម៉ែត្រ។
ខេត្តបាត់ដំបងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ មានទាំងតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌និងប្រវត្តិសាស្រ្ត។ គម្រោងស្ថាបនាផ្លូវនេះនឹងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់បម្រើវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង ដែលត្រូវបានប្រសិទ្ធនាមជាខេត្តនៃអាហារក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក៕
ប្រភព៖kampucheathmey