អង្គការ Unicef ប្រាប់រឿងត្រូវធ្វើបន្ទាន់ ប្រសិនបើចាក់វ៉ាក់សាំងរួចហើយ អ្នកមិនស្រួលខ្លួន

ការចាក់វ៉ាក់សាំង ត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងនៅក្នុងប្រទេសកម្ពុជានិងពិភពលោកទាំងមូល។ ទន្ទឹមនឹងនេះដែរ មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចចាក់វ៉ាក់សាំងបានទាំងអស់គ្នានោះដែរ ជាពិសេសគឺអាស្រ័យទៅលើលក្ខខណ្ឌសុខភាពរបស់បុគ្គលម្នាក់ៗ ជាពិសេសសម្រាប់បុគ្គលដែលធ្លាប់មានបញ្ហាអាឡាក់ហ្ស៊ីផ្សេងៗកម្រិតធ្ងន់គឺគាត់មិនអាចចាក់បានទេ។ មួយវិញទៀតក៏មានបុគ្គលមួយចំនួន នៅមានចម្ងល់ក្នុងចិត្តដែរថា ប្រសិនបើក្រោយចាក់វ៉ាក់សាំងរួច ហើយគាត់មានអារម្មណ៍ថាមិនស្រួលខ្លួនតើគាត់គួរតែធ្វើបែបណាទៅ?

ឆ្លើយតបទៅនឹងសំណួរនេះ បើតាមការចែករំលែកឱ្យដឹងពីអង្គការ Unicef តាមរយៈវេបសាយផ្លូវការរបស់ខ្លួនបកប្រែជាខេមរភាសានៅត្រង់សំណួរចម្លើយទី៨បានឱ្យដឹងថា៖

៨. តើខ្ញុំត្រូវធ្វើអ្វី ប្រសិនបើ​ក្រោយ​ពេលចាក់វ៉ាក់សាំងរួច ខ្ញុំមិនស្រួលខ្លួន?
ចម្លើយតបគឺ៖ ដូចវ៉ាក់សាំង​ផ្សេងទៀតផងដែរ វ៉ាក់សាំងកូវីដ-១៩ នាំ​ឱ្យមានប្រតិកម្មតិចតួចដូចជា ឡើងកន្តួល​ក្រហម ឡើង​ហើម ឬ​ឈឺនៅត្រង់​កន្លែង​ចាក់វ៉ាក់សាំង។ ផលរំខាន​ដែល​តែងកើតឡើងផ្សេងទៀត មានដូចជា គ្រុនក្ដៅ ឈឺក្បាល ឈឺដៃជើងនៅក្នុងរយៈពេល​ពីរបីថ្ងៃដំបូង ក្រោយចាក់វ៉ាក់សាំង​រួច។ ផលរំខាន​ធ្ងន់ធ្ងរ​ពីការ​ចាក់វ៉ាក់សាំងអាចកើតឡើង​ផងដែរ ប៉ុន្តែគឺវាកម្រមានណាស់។ ប្រសិនបើអ្នកមានការព្រួយបារម្ភនៅពេលណាមួយនោះ សូម​ទាក់ទងទៅកាន់អ្នកផ្ដល់សេវា​សុខភាព។

ចំណុច​សំខាន់នៅមុនពេលដែលអ្នកទៅចាក់វ៉ាក់សាំង អ្នកត្រូវ​ប្រាប់​ទៅ​បុគ្គលិកសុខាភិបាល​ឱ្យបាន​ដឹង​ពីស្ថានភាពសុខភាព ឬ​បញ្ហាអាឡាក់ហ្ស៊ីដែលអ្នកមាន។

អ្នកដែលទៅ​ចាក់វ៉ាក់សាំងនឹង​ត្រូវ​ស្នើ​ឱ្យ​បន្ត​នៅក្នុង​មូលដ្ឋានសុខាភិបាលរយៈពេល ៣០ នាទី ក្រោយ​ចាក់វ៉ាក់សាំង​រួច ដើម្បី​តាមដានរកផលរំខាននានា។ ប្រតិកម្មធ្ងន់ធ្ងរ​ភាគច្រើន​ពីការចាក់វ៉ាក់សាំង ជាធម្មតា ​កើតឡើង ​នៅក្នុងអំឡុងពេលនេះ បើទោះជា​ផលរំខាន​ទាំងនេះ​កម្រ​កើតមាន​ក៏ដោយ។ បុគ្គលិកសុខាភិបាល​បានទទួល​ការបណ្ដុះបណ្ដាលអំពីរបៀប​គ្រប់គ្រង​ស្ថានការណ៍​ សម្រាប់ករណី​ដែលកម្រកើតមានទាំងនេះ។

វ៉ាក់សាំង​​សុទ្ធតែ​ឆ្លងកាត់​ការ​សាកល្បងគ្លីនិកយ៉ាងហ្មត់ចត់ ហើយត្រូវ​បានអនុម័ត​ឱ្យប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋទូទៅ ក្រោយពេលដែល​មានការ​ធ្វើតេស្ត​យ៉ាងល្អិតល្អន់លើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា និង​ក្រោយពេលដែលមានការ​បញ្ជាក់​ថា អត្ថប្រយោជន៍ដែលបានពីវ៉ាក់សាំង​ មាន​ច្រើនឆ្ងាយជាងហានិភ័យ​តែប៉ុណ្ណោះ។

ប្រតិកម្មធ្ងន់ធ្ងរ​ដោយសា​រវ៉ាក់សាំង កម្រនឹងកើតមានណាស់។ រដ្ឋាភិបាល​បាន​ដាក់​ឱ្យអនុវត្ត​នូវ​ប្រព័ន្ធពិនិត្យតាមដានអំពីបញ្ហាសុខភាព​ដែលអាចកើតឡើង​ដោយ​គេពុំ​បានរំពឹង​ទុក​ជាមុន ក្រោយពេលនរណាម្នាក់​បានទទួល​វ៉ាក់សាំងរួច ដែលអាចកើតឡើងដោយសារវ៉ាក់សាំង ឬ​ដោយសារបញ្ហាផ្សេងក្រៅពី​វ៉ាក់សាំង។

ជារួមមកវិញ ការចាក់វ៉ាក់សាំងកូវីដ១៩នេះ អ្វីដែលអ្នកចាក់គួរតាមដានឱ្យមែនទែនគឺ នៅរយៈពេល ៣០នាទីដំបូងក្រោយពេលចាក់ ប៉ុន្តែការចាក់វ៉ាក់សាំងហើយអាឡាក់ហ្ស៊ីនេះក៏ត្រូវបានគេចាត់ទុកថាជាករណីដែលកម្រផងដែរ ព្រោះមុនពេលដែលចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យក៏បានធ្វើការសាកសួរពីប្រវត្តិរបស់អ្នកដែលនឹងត្រូវចាក់ផងដែរទាក់ទងនឹងចំណុចថា តើគាត់ធ្លាប់មានប្រវត្តិអាឡាក់ហ្ស៊ីជាមួយវ៉ាក់សាំងដែរឬទេតាំងពីមុនមក ដើម្បីអាចធ្វើការត្រិះរិះពិចារណា មុននឹងអាចឈានទៅដល់ការសម្រេចចិត្តថាគួរចាក់វ៉ាក់សាំងកូវីដ១៩ជូនគាត់ឬក៏អត់?

ប្រភព៖business-cambodia

shares