បន្ទាន់! មន្ទីរពេទ្យខេត្តកោះកុង អំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វពស់មានពិសដ៏សាហាវមួយនេះ…

ខេត្តកោះកុង: យោងតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យខេត្តកោះកុងសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តឲ្យបានជ្រាបថា:

ដោយសាររដូវធ្លាក់ភ្លៀង ដើមរដូវវស្សាបានឈានមកដល់ រីឯសត្វអសិរពិសក៏សំបូរផងដែរនៅរដូវនេះ ជាពិសេសសត្វពស់ពព្លាក់ ដែលជាសត្វពស់ពិសដ៏កាចសាហាវមួយប្រភេទហើយតែងតែបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងយើង ចូលមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យជាច្រើននាក់ក្នុងមួយឆ្នាំៗ ភាគច្រើនបណ្តាលឱ្យទៅជាតំបៅរលួយសាច់ មួយចំនួនទៀតអាចបង្ករឱ្យទៅជាពិការ ឬរហូតដល់ស្លាប់ក៏មាន។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន បើត្រូវចេញដើរក្នុងស្មៅ ឬក្នុងព្រៃត្រូវពាក់ស្បែកជើង ក វែង និងជៀសវាងការដើរចូលតំបន់ព្រៃនាពេលយប់ ។

សូមបញ្ជាក់ផងដែរថា ពព្លាក់គឺជាសត្វពស់មួយប្រភេទ ដែលមានពិសខ្លាំង បើសិនជាវាចឹកនឹងបណ្តាលមានការឈឺចុកចាប់ ហើម ទៅជាតំបៅរលួយ ឬមានការវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ រហូតដល់ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះ ឬហូរឈាមតាមផ្លូវរំលាយអាហារ និងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀត ហើយអាចបណ្តាលឲ្យស្លាប់បាន និងភាគច្រើនសម្បូរនៅក្នុងមូលដ្ឋានខេត្តកោះកុង ដែលជាតំបន់ភ្នំ និងសម្បូរព្រៃស្ដុក ៕

 

shares