ប្រទះ​ឃើញ​ថ្លាន់​ពោះ​ឡើង​ប៉ោង​ធំ រង់ចាំ​មើល​វា​ក្អួត​ចេញ​មក​វិញ ទើប​ភ្ញាក់​ផ្អើល​ខ្លាំង

​វីដេអូ​មួយ បង្ហាញ​ពី​ពស់​ថ្លាន់​ប្រវែង​ជាង ៤​ម៉ែត្រ កំពុង​ខ្ជាក់​សត្វ​ដែល​វា​លេប​មក​វិញ ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ​យ៉ាង​ខ្លាំង។ បន្ទាប់​ពី​ចាំ​មើល​វា​ខ្ជាក់​សត្វ​ចេញ​មក​វិញ ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ ក៏​បាន​ចាប់​ពស់​ថ្លាន់​​នោះ ទៅ​លែង​នៅ​ជម្រក​វា​វិញ ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ស្រុក។បើ​តាម​តាម​ប្រភព​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា អ្នក​ស្រុក​បាន​ប្រទះ​ឃើញ​ពស់​ថ្លាន់​នេះ នៅ​កៀន​របង ដោយ​មាន​ខ្លួន​ធំ​ប្លែក ហាក់​ដូច​ជា​ទើប​លេប​អ្វី​ម្យ៉ាង។ បន្ទាប់​មក អ្នក​ស្រុក​ក៏​បាន​ទាក់​ទង​ទៅ​កាន់​អាជ្ញាធរ ដើម្បី​មក​ចាប់​យក​វា​ទៅ​ឱ្យ​ឆ្ងាយ ចៀស​វាង​គ្រោះ​ថ្នាក់។ ក្រោយ​មក ក្រុម​អភិរក្ស​សត្វ​ព្រៃ បាន​បង្ខំ​ឱ្យ​វា​ខ្ជាក់​សត្វ​ក្នុង​ខ្លួន​ចេញ​មក​វិញ ទើប​ដឹង​ថា​ជា​សត្វ​ឆ្មា​ដ៏​ធំ​មួយ​ក្បាល។

គួរ​បញ្ជាក់​ដែរ​ថា ថ្លាន់ ជា​ប្រភេទ​ពូជ​ពស់​ដែរ​សម្បូរ​បំផុត​នៅ​តំបន់​អាស៊ី ជា​ពិសេស​គឺ​ប្រទេស​ចិន ហ្វីលីពីន មីយ៉ាន់ម៉ា និង​ស្រីលង្កា​ជា​ដើម។ ទោះ​បី​ជា​វា​គ្មាន​ពិស ប៉ុន្តែ​នៅ​ពេល​វា​ធំ ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ដែរ ព្រោះ​វា​អាច​លេប​សត្វ​ធំ​ៗ​ទាំង​មូល​បាន។ ប្រសិន​បើ​វា​លូត​លើស​ប្រវែង ២​ម៉ែត្រ គឺ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទ​ហើយ កុំ​ថា​ឡើយ​ដល់​ទៅ ៤​ម៉ែត្រ​នោះ ព្រោះ​វា​អាច​លេប​មនុស្ស​ធំ​ជាង​ខ្លួន​វា ៣ ទៅ ៤​ដង​ឯ​នោះ។

កាល​ពី​ឆ្នាំ​មុន​នេះ ក៏​មាន​ករណី​ពស់​ថ្លាន់​ប្រវែង 7ម៉ែត្រ បាន​លេប​យុវជន​អាយុ 25 ឆ្នាំ​ម្នាក់ រហូត​ដល់​ថ្ងៃ​បន្ទាប់ ទើប​អ្នក​ស្រុក​ចាប់​បាន និង​វះ​ពោះ​មើល ឃើញ​មនុស្ស​នៅ​ទាំង​មូល ប៉ុន្តែ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ អ្នក​ភូមិ និង​អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា ពស់​ថ្លាន់​យក្ស​នោះ បាន​រឹត​បំបាក់​ឆ្អឹង​ជន​រង​គ្រោះ​ដល់​ស្លាប់ ទើប​ព្យាយាម​លេប​ទាំង​មូល​តាម​ក្រោយ ដែល​ជា​រឿង​ដ៏​រន្ធត់​មួយ សម្រាប់​ក្រុម​គ្រួសារ​សព៕

 

shares