មកដឹងពីស្ថានភាពរស់នៅរបស់តារាជើងចាស់ ធ្លាប់ល្បីល្បាញកាលពី ទសវត្សរ៍ ៦០-៩ តើបច្ចុប្បន្នទៅជាយ៉ាងណាហើយ?

(ភ្នំពេញ)៖ ទោះបីសិល្បករ-សិល្បការិនីជំនាន់ក្រោយ បានរះឡើងជាបន្តបន្ទាប់ក្តីតែស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់តារាជើងចាស់ កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ នៅតែស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច។ ជាពិសេសរាល់សមិទ្ធផលក្នុងវិស័យភាពយន្ត ដែលតារាជើងចាស់បានបន្សល់ទុក ប្រៀបបានឱសថយ៉ាងស័ក្តសិទ្ធ សម្រាប់តារាជំនាន់ក្រោយ ក្នុងការស្វែងយល់បន្ថែម និងត្រងត្រាប់ស្ដាប់តាម។ យ៉ាងណាមិញ មានមិត្តអ្នកអាន និងទស្សនិកជនជាច្រើន កំពុងតែចង់ដឹងថា តើសិល្បការិនីជំនាន់មុន ទៅដល់ទីណាហើយ និងមានសុខទុក្ខយ៉ាងណាដែរ នាពេលបច្ចុប្បន្ននេះ?

ខាងក្រោមនេះជាបច្ចុប្បន្នភាព របស់សិល្បការិនីជើងចាស់ ធ្លាប់ល្បីនាទសវត្សរ៍ ៨០-៩០ ទាំង១០រូប៖

១៖ អ្នកស្រី អម្ពរ ទេវី៖ រំលឹកពីឈ្មោះ អម្ពរ ទេវី គេតែងនឹកទៅដល់ លោក ទេព រិនដារ៉ូ ព្រោះតារាទាំងពីរជាដៃគូយ៉ាងស័ក្តិសមនឹងគ្នា។ នាទសវត្សរ៍ ៨០ និង ៩០ អ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងភាពយន្តល្បីៗជាច្រើន ដូចជារឿង «សម្ដីចុងក្រោយ», រឿង «សាកមើលសិន» និងរឿង «ឃ្លាំងជីវិត» ជាដើម។ បច្ចុប្បន្នតារាសម្តែងជើងចាស់ អម្ពរ ទេវី កំពុងរស់នៅសហរដ្ឋអាមេរិក និងមកលេងស្រុកកំណើតម្តងម្កាល។ បើគេនៅចាំមិនភ្លេច ពេលមកលេងស្រុក អ្នកស្រី មមាញឹកខ្លាំង ក្នុងការសម្តែងភាពយន្ត ដូចជារឿងថ្មីៗនះគឺ «ទឹកចិត្តម្ដាយសម័យថ្មី» ជាដើម ដែលជាការដឹកនាំសម្ដែង និងនិពន្ធដោយអ្នកស្រី ពាន់ ភួងបុប្ផា។

២៖ អ្នកស្រី ចាន់ តារាទី៖ តារាភាពយន្តជើងចាស់ដែលដុះចេញពីសាលាវិចិត្រសិល្បៈរូបនេះជាដៃគូសម្តែងយ៉ាងស័ក្កិសមជាមួយ លោក យស បូវណ្ណៈ តាំងពីឆ្នាំ១៩៨៧មក។ ប្រឡងក្នុងសិល្បៈជិត ៣ទសវត្សរ៍មកនេះ មានខ្សែភាពយន្តរាប់រយរឿងទៅហើយ ដែលអ្នកស្រី ចាន់ តារាទី បានសម្តែងក្នុងនោះមានដូចជា រឿង «ភ្នំពេញស្នេហាខ្ញុំ», រឿង «ជំនោរប៉ៃលិន» និងរឿងល្បីៗជាច្រើនទៀត។ បច្ចុប្បន្នអ្នកស្រី កំពុងរស់នៅប្រទេសកម្ពុជា និងនៅតែមានភាពលេចធ្លោរក្នុងវិស័យសិល្បៈ ដែលភាគច្រើនសម្តែងជាតួម្តាយ តួលោកស្រី ជំទាវ ជាដើម។ ជាក់ស្តែងកាលពីឆ្នាំ២០១៩ អ្នកស្រី ចាន់ តារាទី បានចាប់ដៃគ្នាជាមួយ លោក សយ បូវណ្ណៈ សម្តែងក្នុងរឿង «លោកឪពុក»។

៣៖ អ្នកស្រី អ៊ុំ សុវណ្ណនី៖ អតីតតារាសម្តែងដ៏ល្បីល្បាញតាំងពីទសវត្ស ៨០-៩០រូបនេះ ត្រូវបានគេដឹងថា ជាតារាស្រីដំបូងគេបង្អស់ដែលបានធ្វើឲ្យវិស័យភាពយន្តខ្មែរ រស់រានមានជីវិតឡើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍ (ប៉ុលពត) ដួលរលំនាឆ្នាំ១៩៧៩។ លោកស្រី អ៊ុ សុវណ្ណនី ក៏ជាតារាស្រីដំបូងគេបង្អស់ក្នុងទសវត្សទី៨០ ដែល បានសម្ដែងរួមជាមួយ តារាបរទេសនៅក្នុង រឿង «នរក៩ជាន់» ដែលជាភាពយន្តមួយ ធ្វើឲ្យលោកស្រីមានកេរ្តិ៍ឈ្មោះល្បីខ្លាំង។ បច្ចុប្បន្នលោកស្រី នៅរស់រានមានជីវិត និងកំពុងរស់នៅទីក្រុង Anahem រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៤៖ អ្នកស្រី សុខ ស្រីមុំ៖ រំឭកទៅដល់អំឡុងទសវត្សរ៍៨០-៩០ លោកស្រី សុខ ស្រីមុំ ជាតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងម្នាក់ក្នុងប្រទេសកម្ពុជាដែលមានទេពកោសល្យ សម្ដែងយ៉ាងស័ក្តិសមឥតខ្ចោះ ជំនាញខាងក្រមិចក្រមើមរឡិករឡក់ ក្និកក្នក់ គួរឲ្យស្ញើចសរសើរ។ ចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ១៩៨៩ លោកស្រីបានសម្តែងរឿងជាង១០០ ដោយក្នុងនោះមានរឿង «នាងរំសាយសក់», រឿង «កវីផ្សងស្នេហ៍ », និងរឿងជាច្រើនទៀត។ នៅឆ្នាំ២០០០ លោកស្រីបានរៀបការជាមួយស្វាមីក្រោយ ជាជនជាតិបរទេស មានអាជីពជាផលិតករភាពយន្ត នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកស្រីកំពុងរស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។

៥៖ អ្នកស្រី កែវ កល្យាណ៖ មិនខុសពីតារាជើងចាស់ខាងលើឡើយ កាលពីជំនាន់ទសវត្សរិ៍ ៨០-៩០ លោកស្រីមានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង តាមរយៈសម្តែងភាពយន្តជាច្រើន ដូចជារឿង «អ្នកស្នងមរតក» ជាដើម ដែលកាលណោះសម្តែងជាតួឯកស្រី។ បច្ចុប្បន្ននេះ លោកស្រីកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនៗ។ ទោះវ័យកាន់កាន់តែចាស់បន្តិចក្ដី ប៉ុន្តែលោកស្រី កែវ កល្យាណ នៅតែមានភាពស្រស់ស្អាតដដែល ហើយសម្រាប់ការងារសិល្បៈ លោកស្រីមិនទាន់បង្ហើបថា នឹងចូលសម្តែងវិញ ឬយ៉ាងណាទេ។ ប៉ុន្តែអ្វីដែលសំខាន់ពេលនេះ លោកស្រី មានកូនស្រីម្នាក់ ជាអ្នកស្នងតំណែងពីម្តាយគឺកញ្ញា កែវ ឡាវីញ កំពុងមានប្រជាប្រិយភាព ក្នុងវិស័យភាពយន្តភាគខ្មែរសព្វថ្ងៃនេះ។

៦៖ អ្នកស្រី ឯក អមរា៖ កាលពីទសវត្សរិ៍ ៨០-៩០ លោកស្រីជាប់ឈ្មោះជាតារាទឹកភ្នែក ព្រោះជំនាញខ្លាំង ខាងយំសោក ក្នុងភាពយន្តខ្មែរ កាលជំនាន់នោះ។ តាំងពីអ្នកស្រី ឯក អមរា ដកខ្លួនចេញពីពិភពសិល្បៈ ធ្វើឲ្យមហាជនជាច្រើនយល់ថា ប្រហែលជាអ្នកស្រីទៅរស់នៅ ឯប្រទេសក្រៅបាត់ទៅហើយ ប៉ុន្តែតាមការពិត អ្នកស្រីកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកស្រីក៏ជាថៅកែស្រី នៃហាងកាត់សក់ប្រុសមួយកន្លែង មានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម។

៧៖ អ្នកស្រី នារី រ័ត្នគន្ធា៖ អ្នកស្រី មានកេរ្តិ៍ឈ្មោះបោះសំឡេងជាខ្លាំង នៅក្នុងវិស័យសិល្បៈ កាលពីជាង ២០ឆ្នាំមុន។ ក្រោយពីមានឱកាសទៅរស់នៅក្រៅស្រុក លោកស្រីបានបោះបង់ចោលសិល្បៈ និងមិនធ្លាប់ឃើញបង្ហាញមុខជាថ្មី លើឆាកទូរទស្សន៍ឡើយ ទោះបីជាឡើងចុះស្រុកខ្មែរម្តងម្កាលក្តី។ បច្ចុប្បន្នលោកស្រី នារី រ័ត្នគន្ធា កំពុងនៅ អាមេរិកជាមួយកូនៗ និងបានបើកហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង។

៨៖ អ្នកស្រី អ៉ឹម សុវណ្ណផល្លា៖ អតីតតារាសម្តែងរូបនេះ ត្រូវបានគេដឹងថា ជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត និងមានឈ្មោះបោះសំឡេង កាលជំនាន់ទសវត្សរ៍៨០។ ទោះបីលាឈប់ពីសិល្បៈជាង២០ឆ្នាំ ក៏ពិតមែន តែរាល់កម្មវិធីសិល្បៈនានា គេតែងតែឃើញមានវត្តមានលោកស្រី អ៊ឹម សុវណ្ណផល្លា ចូលរួម។ បច្ចុប្បន្នលោកស្រី កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្លាយជាស្ត្រីមេម៉ាយ ក្រោយស្វាមីលោកស្រីបានទទួលមរណភាព កាលពីឆ្នាំ២០១៨។

៩៖ អ្នកស្រី ហុក លក្ខិណា៖ អស់ រយៈពេលជាច្រើនឆ្នាំមក ហើយដែលអតីតតារាភាពយន្តមានឈ្មោះល្បីល្បាញជំនាន់ទសវត្សទី៩០ អ្នកស្រី ហុក លក្ខិណា បានកាត់ផ្តាច់ ពីជីវិតសិល្បៈ។ លោកស្រីមិនធ្លាប់បង្ហាញពីជីវិតឯកជន ឲ្យទស្សនិកជនក្នុងស្រុកបានដឹងឡើយ។ បច្ចុប្បន្នលោកស្រីត្រូវបានគេដឹងថា កំពុងរស់នៅទឹកដីដែនកោះប្រទេសអូស្រ្តាលី ជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល។ មានប្រភពមួយចំនួនបាននិយាយថា អ្នកស្រីតែងតែត្រឡប់មកមាតុភូមិរបស់ខ្លួន ជួបជុំបងប្អូន ឪពុកម្តាយ ម្តងម្កាល ប៉ុន្តែធ្វើឡើងក្នុង សភាពស្ងប់ស្ងាត់សាមញ្ញធម្មតាប៉ុណ្ណោះ ថែមទាំងឆ្លៀតពេលធ្វើបុណ្យទានតាមភូមិស្រុកមួយចំនួនទៀតផង។

១០៖ អ្នកស្រី ពេជ្រ ច័ន្ទបរមី៖ អ្នកស្រី មានភាពល្បីល្បាញយ៉ាងខ្លាំង កាលពីជំនាន់ទសវត្សរ៍ ៨០-៩០។ មុខមាត់ កេរ្តិ៍ឈ្មោះ អ្នកស្រី ពេជ្រ ច័ន្ទបរមី ហាក់ល្បីខ្លាំង តាមរយៈសម្តែងក្នុងរឿង «ពស់កេងកង» ដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរ គ្រប់គ្នាពីទេពកោសល្យសិល្បៈ។ អ្នកស្រីបានបោះបង់ចោលការងារសិល្បៈ ជាង១ទសវត្សរ៍មកហើយ និងបច្ចុប្បន្នអ្នកស្រីកំពុងរស់នៅប្រទេសកម្ពុជា មានរូបស្រស់ស្អាតយ៉ាងខ្លាំង ទោះវ័យកាន់តែជ្រេក៏ដោយ។ អតីតតារាសម្តែងដួងនេះបានប្រែវាសនា ឡើងងារជាជំទាវ ប្រើប្រាស់ជីវិតបែបស៊ីវិល័យ ពោរពេញដោយក្តីសុខ ក្រោយត្រូវបានស្វាមីគឺលោក ឧត្តមសេនីយ៍ កែវ វណ្ណថន មើលថែ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១៖ លោក សុវណ្ណ មុន្នី៖ លោកបានចូលប្រឡូក ក្នុងវិស័យឧស្សាហកម្មភាពយន្ត ក្នុងឆ្នាំ១៩៨៨ ហើយបន្តប្រជាប្រិយភាពល្បីល្បាញខ្លាំង នៅអំឡុងទសវត្សរ៍ ៨០-៩០ មកម្ល៉េះ។ លោក បានបន្សល់ទុកស្នាដៃភាពយន្តជាច្រើន រួមមាន រឿង «ព្យុះជីវិត» រឿង «ចៅគីង្គក់» រឿង «បិសាចតណ្ហា» និង រឿង «ចាបស្រុក» ជាដើម។ អតីតតារាសម្តែងជើងចាស់រូបនេះ បានលាឈប់ពីសិល្បៈ ក្នុងឆ្នាំ១៩៩៧ និងបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក ជាមួយភរិយា និងកូនៗ។

១២៖ លោក ហង្ស ផល្លីមធុរ៉ា៖ នៅអំឡុង ទសវត្សរ៍៩០ អតីតតារាចម្រៀងរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងជីវិតជាតារាសម្តែង មហាជនដាក់រហស្សនាមឲ្យលោកហង្ស ផល្លីមធុរ៉ា ថាជា «ស្តេចអាប៉ោង» ក្រោយពីល្បីខ្លាំងតាមរយៈចូលរួមសម្តែង ជាតួអង្គងប់នឹងល្បែងអាប៉ោង ក្នុងខ្សែភាពយន្តរឿង «ជើងមេឃដាច់ស្រយាល»។ ជាអកុសលអតីតារាសម្តែងរូបនេះ បានទទួលមរណភាពក្នុងវ័យ៥២ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។

១៣៖ លោក គង់ សុភី៖ តារាសម្តែងជើងចាស់រូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីកុមារភាពមកម្ល៉េះ ពោលគឺតាំងពីទសវត្សរ៍ ៧០។ មានភាពយន្តរាប់មិនអស់ទៅហើយ ដែលលោកបានសម្តែង ហើយចូលមកឆ្នាំ២០២០នេះ លោកនៅតែបន្តការងារសិល្បៈក្នុងស្រុកដដែល។ លោកជាតារាសម្តែងមួយរូប ដែលមានកិត្តិយសចូលរួមសម្តែងភាពយន្ត ថ្វាយព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ បានជាច្រើនរឿងដែលរឿងទាំងនោះថត នៅប្រទេសចិន និង ប្រទេសកូរ៉េខាងជើង។ លោកធ្លាប់ទទួលបានមេដាយមាស និងគ្រឿងឥស្សរិយយសមុនីសារាភណ្ឌ ថ្នាក់មហាសេនាពីព្រះមហាវីរក្សត្រ ក្នុងឆ្នាំ២០១០ និងបានទទួលមេដាយ មុនីសារាភណ្ឌថ្នាក់អស្សប្ញទ្ធិពី ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ជាបន្តបន្ទាប់មកទៀត ។

១៤៖ លោក ទេព រិន្ទដារ៉ូ៖ ប្រឡូកក្នុងវិស័យភាពយន្ត ជាង២០ឆ្នាំមកហើយ រហូតដល់ឆ្នាំ២០២០ នេះ លោក នៅតែរក្សាបានប្រជាប្រិយភាព និងមានបណ្តាផលិតកម្មជាច្រើន ទាក់ទងឲ្យលោកសម្តែងរឿងឥតឈប់ឈរ។ លោក ទេព រិន្ទដារ៉ូ ធ្លាប់ទៅរៀននៅសូវៀតផ្នែកបច្ចេកទេសម៉ាស៊ីនយន្តហោះ MIG-2។ លោកក៏ធ្លាប់ទៅសិក្សា នៅប្រទេស រុស្ស៊ីផងដែរ ហើយក៏បានហាត់រៀនជាមួយ គ្រូសិល្បៈមួយចំនួនក្នុងរយៈពេលខ្លីនៅទីនោះ អំឡុងពេលដែល លោកធ្វើការនៅនាយកដ្ឋានសិល្បៈ។ ដោយសារបទពិសោធន៍នេះហើយ បានធ្វើឲ្យលោក ទេព រិន្ទដារ៉ូ មានមូលដ្ឋានគ្រឹះក្នុងអាជីពសម្ដែងបានយូរឆ្នាំ។

១៥៖ លោក ហម ឈរ៉ា៖ តារាជើងចាស់រូបនេះបានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តលើកដំបូងនៅអំឡុងទសវត្ស៩០។ ខ្សែភាពយន្តដែលលោកសម្តែង លើកទី១ គឺរឿង «សំឡេងទ្រខ្មែរ» ដែលទទួលបានការគាំទ្រខ្លាំង និងធ្វើឲ្យលោកមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈ។ បច្ចុប្បន្នលោកនៅតែបន្តការងារសិល្បៈក្នុងស្រុកដដែល។

១៦៖ លោក ខៃ ប្រសិទ្ធ៖ លោកជា សិល្បករដ៏ល្បីល្បាញមួយរូប ក្នុងអំឡុងទសវត្សឆ្នាំ៨០។ លោកធ្លាប់បានសម្តែងខ្សែភាពយន្តជាច្រើនរឿង និងមានការគាំទ្រខ្លាំងពីទស្សនិកជន។ ក្រោយពីបាត់មុខ ក្នុងពិភពសិល្បៈអស់រយៈពេលដ៏យូរ បច្ចុប្បន្ននេះលោក ខៃ ប្រសិទ្ធ កំពុងកសាងជីវិតគ្រួសារ នៅលើទឹកដីប្រទេសអូស្រ្តាលី។ តែយ៉ាងណា លោកមិនបានប្រកាសពីការលាឈប់សិល្បៈនោះទេ ព្រោះពេលលោកមកលេងស្រុកខ្មែរម្តងម្កាល គឺគេតែងតែឃើញវត្តមានរបស់លោកក្នុង MV ចម្រៀង និងភាពយន្តខ្លះៗ។

១៧៖ លោក សោម ដូរិន៖ លោក គឺជាអតីតារាសម្តែងមួយរូប ដែលបានប្រឡូកក្នុងវិស័យឧស្សាហ៍កម្មភាពយន្ត តាំងពីឆ្នាំ ១៩៥៨ ដែលជាឆ្នាំដំបូង នៃវិស័យភាពយន្តខ្មែរ។ ភាពយន្តដែលលោកសម្តែងដំបូង មានចំណងជើងថា «កុំភ្លេចគុណម្តាយ» ។ នៅអំឡុងទសវត្សរ៍៦០ ភាពយន្តដែលលោកសម្តែង និងល្បីល្បាញជាងគេនោះ គឺរឿង «ឱផ្សែងមរណៈ»។ បច្ចុប្បន្នលោកកំពុងរស់នៅ ប្រទេសកម្ពុជាជាធម្មតា បន្ទាប់ពីបាត់បង់សមត្ថភាពសម្តែង ដោយសារមានវ័យកាន់តែចាស់ជរា និងកំពុងមានជំងឺប្រចាំកាយផងដែរ។

១៨៖ ច័ន្ទ រិទ្ធមេធានី៖ កាលពីជំនាន់ទសវត្សរ៍៩០ លោកមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យភាពយន្តខ្មែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអតីតតារាសម្តែងរូបនេះ បានស្ងប់ស្ងាត់ពីវិស័យសិល្បៈ។ លោកកំពុងរស់នៅប្រទេសកម្ពុជា ដោយថ្មីៗនេះ លោក ច័ន្ទ រិទ្ធមេធានី ស្រាប់តែលេចមុខមកវិញ ក្នុងជីវភាពខ្សត់ខ្សោយ និងមានជំងឺ។ ទោះបីលំបាកបន្តិចមែន តែលោកជាបុរសម្នាក់មានទំនួលខុសត្រូវខ្ពស់ លើខ្លួនឯងនិងក្រុមគ្រួសារ។ លោកសុខចិត្តជួលម៉ូតូកង់៣ឥណ្ឌា រត់ឌុបរកកម្រៃដោះស្រាយជីវភាព ដោយមិនប្រព្រឹត្តិទង្វើអ្វីមួយ មិនគប្បីក្នុងសង្គមឡើយ។

១៩៖ លោក ពេជ្រ ភីរុណ៖ អតីតតារាសម្តែងជើងចាស់ មានប្រជាប្រិយភាពខ្លាំង នៅអំឡុងទសវត្សន៍៩០រូបនេះ ទោះបច្ចុប្បន្នវ័យឈានដល់៧០ឆ្នាំ ស្អែកខានស្អែកទៅហើយក្តី តែរូបរាងនៅសង្ហា មិនចាញ់កាលពីកំលោះឡើយ។ លោកក៏ត្រូវបានគេដឹងថា ជាអតីតស្វាមីរបស់តារាសម្ដែងដ៏ល្បី គឺអ្នកនាង អម្ពរ ទេវី។ បច្ចុប្បន្នលោកបានលាឈប់ពី វិស័យសិល្បៈហើយ និងកំពុងរស់នៅប្រទេសកម្ពុជា មានមុខរបរជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និងកាត់ដេរខោអាវ នៅក្បែរផ្សារចាស់ ដែលជាផ្ទះរបស់លោកផ្ទាល់។

២០៖ លោក នូ ស៊ិប៖ ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព តាំងពីជំនាន់ទសវត្សរ៍៩០។ ទោះបច្ចុប្បន្នមិនមានវត្តមានក្នុងសិល្បៈ ដោយសារបញ្ហាសុខភាពតែស្នាដៃចម្រៀង របស់លោក នៅតែមានការគាំទ្រពីមហាជន។ សព្វថ្ងៃនេះលោក នូ ស៊ិប ត្រូវបានគេដឹងថា កំពុងធ្លាក់ខ្លួនដុនដាបរស់នៅ បន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយយូរៗម្ដង គេឃើញអ្នកសិល្បៈ និងសប្បុរសជន យកជំនួយទៅជូនលោក ដើម្បីដោះស្រាយជីវភាព ដែលកំពុងរស់នៅម្នាក់ឯង យ៉ាងកណ្ដោចកណ្ដែង គួរឲ្យសង្វេគ ខណៈដែលខ្លួនធ្លាប់ជាតារាល្បី នៅក្នុងប្រទេស។

២១៖ លោក ហួរ ឡាវី៖ លោកគឺជាតារាចម្រៀងជើងចាស់មួយរូប មានភាពល្បីល្បាញខ្លាំងតាមរយៈសំឡេងស្អក តែពីរោះរណ្តំចិត្ត តាំងពីទសវត្សរ៍៨០ និងរហូតមកទល់បច្ចុប្បន្ន។ ម្ចាស់បទ «អាណែតមាសបង» រូបនេះមានសុខភាពល្អ មាំមួន តែងតែលេចវត្តមានក្នុងកម្មវិធីសិល្បៈ តាមបណ្តាស្ថានីយទូរទស្សន៍នានា ក្នុងស្រុក។ លោកក៏មានកូនស្រី ដើម្បីស្នងតំណែងជាអ្នកសិល្បៈ រហូតមកដល់សព្វថ្ងៃនេះដែរ គឺកញ្ញា វី ឌីណែត។

២២៖ លោក សុះ ម៉ាច៖ លោកជាកូនប្រុសបង្កើតរបស់លោក សុះ ម៉ាត់ អតីតសិល្បករចម្រៀងដ៏ល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយមជំនាន់ លោក ស៊ីន ស៊ីសាមុត។ លោក សុះ ម៉ាច គឺជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាពតាំងពីសម័យ ទសវត្សរ៍ ៨០-៩០ មកម្ល៉េះ។ លោកក៏ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៣ ផងដែរ។ បច្ចុប្បន្ន លោក សុះ ម៉ាច រស់នៅក្នុងប្រទេសកម្ពុជា និងបន្តការងារសិល្បៈជាធម្មតា៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

                                           

shares