មិនស្មានសោះថា៖ទឹកជ្រោះនៃភ្នំគូលែន គឺជា​ទឹកមន្ត​ដ៏​ស័​ក្ត​សិទ្ធិ​បំផុត

​នា​សម័យអង្គរ អារ្យធម៌​ខ្មែរ គឺជា​អារ្យធម៌​ដ៏​ត្រចះត្រចង់ ខ្ពង់ខ្ពស់ កប់​កំពូល ហើយ​មា​នក​ត្យា​នុ​ភាពខ្លាំង​ក្លា​ណាស់​។ នា​សម័យ​នោះ ជនជាតិខ្មែរ​យើង ដែល​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា បាន​ប្រដូច​ស្ទឹង​សៀមរាប​យើង​នេះ​ទៅនឹង​ដងស្ទឹង​គង្គា​នៅ​ប្រទេស​ឥណ្ឌា​។ ដូច្នេះ​បានជា​សព្វថ្ងៃនេះ យើង​សង្កេតឃើញ​មានការ​កែច្នៃ​ស្ទឹង​នេះ​ឲ្យ​ក្លាយទៅជា​ស្ទឹង​គង្គា ដូច​ជាការ​ឆ្លាក់​ទេវរូប​នឹង​ព្រះ​សិវលិង្គ​ជាច្រើន​នៅ​បាត​អូរ​អន្លង់ ផ្កាយ និង​បាត​អូរ​ក្បាលស្ពាន​។​

ក្រៅពី​វត្ត​មា​នូរ​ទាំងពីរ​ខាងលើ គេ​ឃើញ​មាន​អូរ​មួយចំនួនទៀត ដូចជា​អូរ​ធំ អូរ​ថ្នល់​ម្រេច អូរ​ថ្នល់​ដាច់ និង​អូរ​តា​ពេញ ដែលមាន​ប្រភព​ចេញពី​ខ្ពង់រាប​នៃ​ភ្នំ​គូលែន​ទាំងអស់​។ ទឹក​នៃ​អូរ​ទាំងនោះ គឺ​សុទ្ធសឹងតែ​ហូរ​ធ្លាក់ចុះ​ចូលមក​ស្ទឹង​សៀមរាប ហើយ​ហូរ​ចាក់​ចូល​បឹង​ទន្លេសាប ក្រោយពី​បាន​ឆ្លងកាត់​តំបន់​អង្គរ​ដ៏​មហា​បវរ​។​

​ ​សូមជម្រាបថា ភ្នំ​គូលែន​ដែលមាន​បណ្តោយ​ប្រមាណ​ជា ២៥​គ​.​ម ហើយ​ស្ថិត​ចម្ងាយ​ប្រមាណ​ជា ៣៤​គ​.​ម ទិសឦសាន​នៃ​ទីក្រុង​សៀមរាប​អង្គរ​សព្វថ្ងៃ គឺជា​ទីតាំង​ស័​ក្ត​សិទ្ធ​បំផុត​មួយ​។ គ្រប់​យុគ​គ្រប់​សម័យ ប្រជានុរាស្ត្រ​ខ្មែរ​រមែងតែ​អញ្ជើញ​មក​ធ្វើ​ធម្ម​យាត្រា ឬ​មក​បន់ស្រន់​ដើម្បី​សេចក្តីសុខ សេចក្តីចំរើន​។

 

ការស្រាវជ្រាវ​ខាង​វិស័យ​មនោគមន៍វិជ្ជា សាសនា​ខ្មែរ​បុរាណ បាន​ឲ្យ​ដឹងថា លក្ខណៈ​សំខាន់​នៃ​ភ្នំ​គូលែន ដែលជា​ប្រភព​នៃ​អូរ​មួយចំនួន និង​ស្ទឹង​សៀម​រាម គឺ​ផ្នែក​និមិត្ត​រូបភាព​។ ទឹក​ដែល​ហូរ​ចេញពី​ជ្រលង​ភ្នំ ជាពិសេស​ចេញពី​អន្លង់​ផ្កាយ​នៅលើ​ខ្នងភ្នំ​គូលែន ត្រូវ​ហូរ​ចាក់​ទៅ​ជ្រោះ​ទឹកធ្លាក់​មួយ ត្រូវ​ជនជាតិខ្មែរ​ចាត់ទុកថា ជា​ទឹកមន្ត​ដ៏​ស័​ក្ត​សិទ្ធិ​បំផុត ដូចជា​វត្តមាន​របស់​ចម្លាក់​រូប​ព្រះ​នៃ​សហ​ស្រ​លិង្គ (​លិង្គ ១០០០) និង​ដោយឡែក​ចម្លាក់​ព្រះ​នារាយណ៍​ផ្ទំ​នៅក្បែរ​ប្រាសាទ​គ្រោល​រមាស ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សម្រាប់​ពិធី​សាសនា​។

ស្ថានភាព​នៃ​រមណីយដ្ឋាន​អូរ​ក្បាលស្ពាន ដែលមាន​កំណើត​នៅ​ភ្នំ​ក្បាលស្ពាន និង​ភ្នំ​ក្រោល ស្ថិត​ចម្ងាយ​ប្រមាណ ១៥​គ​.​ម ពី​ប្រាសាទបន្ទាយស្រី​ខាងលិច ពី​ភ្នំ​គូលែន​តាម​ជ្រលង​កណ្តុ​លស ក៏មាន​អត្ថន័យ​ដូចគ្នា​ដែរ​។ អូរ​នេះ​មាន​កំពស់​ប្រមាណ​ជា ២០០​ម៉ែត្រ​ពី​ផ្ទៃ​ទឹកសមុទ្រ ហូរ​ចុះ​ពី​ពាយ័ព្យ​មក​អ​គ្នេ​យ៍ ហើយ​មាន​ទឹកជ្រោះ​គួរ​ឲ្យ​គយគន់ ក៏​លំអ​នៅ​បាត​ស្ទឹង​ដោយ​ចម្លាក់​ព្រះ​សិវលិង្គ និង​ចម្លាក់​ព្រះ​នារាយណ៍​ផ្ទំ លើ​នាគរាជ​តូចធំ​ជាច្រើន ដោយមាន​ព្រះ​នាង​ឱ​មា​គង់នៅ​ចុងជើង​ទ្រង់​ផង​។​

​ ​តាមរយៈ​ការវិភាគ​នៃ​ចម្លាក់​នៅលើ​ភ្នំ​គូលែន​ម្តុំ​ព្រះអង្គ​ធំ និង​នៅ​ក្បាលស្ពាន​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ពិសិដ្ឋ​នៃ​ដងស្ទឹង​សៀមរាប ដែលមាន​ប្រភព​កើតចេញពី​ភ្នំ​គូលែន និង​ភ្នំ​ក្បាលស្ពាន ព្រមទាំង​ភ្នំ​ក្រោល ដែល​មនុស្ស​ខ្មែរ​ប្រៀបផ្ទឹម​ទៅ​និង​ទន្លេ​គង្គា​នៅ​ប្រទេស​ឥណ្ឌា​យ៉ាង​ប្រាកដ​។ ហើយ​លក្ខណ​ស័​ក្ត​សិទ្ធិ​នៃ​ទឹក​នៃ​ប្រព័ន្ធ​ទឹក​ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ទឹក​ដែល​ប្រោះព្រំ​តំបន់​សៀមរាប​អង្គរ​ទាំងមូល​តែម្តង​។ ម្យ៉ាងវិញទៀត​លក្ខណៈ​ពិសិដ្ឋ​នៃ​ទឹក​នៃ​ដងស្ទឹង​សៀមរាប ក៏ត្រូវ​បានបញ្ជាក់​តាម​ខ្លឹមសារ​នៃ​សិលាចារឹក​ដែរ​។​


​ ​សូម​រំលឹកថា ចម្លាក់ និង​ប្រាសាទបុរាណរ​ម្មណី​យ​ដ្ឋា​ន​ទាំងពីរ​ខាងលើនេះ ភាគច្រើន​ត្រូវបាន​កសាងឡើង​ងរ​វាង​ស​.​វ​ទី​១១ និង​១៣​នៃ​គ​.​ស ជាពិសេស​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ ព្រះបាទ​ឧទ័យ​វរ្ម័នទី​២ និង​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក៏ប៉ុន្តែ​យើង​ជឿជាក់ថា ក្នុង​តំបន់​នេះ​ត្រូវគេ​គោរពបូជា​រួចទៅហើយ ពោល​គឹ​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​បុ​រេ​អង្គរ​ទៅហើយ​។​

​ ​សរុបសេចក្តី​មក ទឹក​ដែល​ហូរ​កាត់​ព្រះ​សិវលិង្គ​នឹង​ចម្លាក់​បុរាណ​ទាំង​ប៉ុន្មាន​ខាងលើនេះ ត្រូវ​មនុស្ស​ខ្មែរ​ចាត់ទុកថា មាន​លក្ខណៈ​ស័​ក្ត​សិទ្ធិ​សម្បើម​អស្ចារ្យ ព្រោះ​ត្រូវបាន​ប្រសិទ្ធ​ពរជ័យ​ប្រោះព្រំ​ដោយ​ព្រះ​រូប​ទាំងនោះ ពោលគឺ​បានក្លាយ​ទៅជា​ទឹកមន្ត​ដ៏​ពិសិដ្ឋ ដោយ​គ្មានអ្វី​ប្រៀបផ្ទឹម​បានឡើយ​។ មានន័យថា ទឹក​ដែល​ធ្លាក់​ពីលើ​ដងស្ទឹង ដែល​មហាជន​ទៅ​មុជ ឬ​ត្រាំ​នៅ​ផ្នែក​ខាងក្រោម​នោះ បានក្លាយ​ទៅជា​ទឹក​វេទមន្ត​ដ៏​មហា​ស័​ក្ត​សិទ្ធិ​គួរ​ជាទី​គាប់ចិត្ត​៕ (​ម​.​ត្រា​ណេ​)

Leave a Reply

Your email address will not be published. Required fields are marked *

shares