ដំណឹងល្អ! សាលារៀនជាង ៤០កន្លែងនៅខេត្តសៀមរាប ចាប់បើកដំណើរការសាកល្បងហើយ

 

សៀមរាប៖ នៅព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យមចំនួន៤៤សាលាស្ថិតនៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមានស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកស្រីស្នំស្រុកវ៉ារិន ស្រុកអង្គរធំ និង ស្រុកក្រឡាញ់បានបើកដំណើរការឲ្យបង្រៀន និង រៀនសាកល្បងជាផ្លូវការហើយ ខណៈសាលាកម្រិតបឋមសិក្សាចំនួន១២៩សាលា គ្រោងនឹងបើកដំណើរការសាកល្បង នៅថ្ងៃទី២០ខែតុលាខាងមុខនេះផងដែរ។

​មុននឹងយើងបើកសាលារៀនវិញនៅថ្ងៃនេះ​ គឺបានឆ្លងកាត់នូវដំណាក់កាលនៃការត្រួត ពិនិត្យនិងវាយតម្លៃ ច្រើនករណីណាស់ គឺ ទី១.បើកនៅតាមសាលានៃបណ្ដាស្រុកដែលមានហានិភ័យទាប ដោយអនុវត្តការរៀន តាមបណ្ដុំមិនលើសពី១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និង ផ្ដល់អាទិភាពដល់ សិស្សថ្នាក់ទី៩

និងទី១២សម្រាប់តំបន់មានហានិភ័យមធ្យម ,ទី២. ពិនិត្យលទ្ធភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ត្រូវ តែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា និង ទី៣.ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀននៃស្រុកមួយ ចំនួនដែលបានដាក់ ពាក្យស្នើសុំស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវមានទីកន្លែងសម្រាប់លាងដៃនឹង សាប៊ូ លាងដៃនឹងអាល់កុល ការត្រួតពិនិត្យកម្ដៅ និងសិស្សានុសិស្សត្រូវពាក់ម៉ាស់ឲ្យ គ្រប់ៗគ្នា និង គ្រប់ពេលវេលាជាប្រចាំ។

 

​កន្លងមកនេះ បើទោះជា ការបង្រៀននិងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយក៏ប៉ុន្តែការបង្រៀននិងរៀនពីចម្ងាយ ត្រូវបាន អនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និង នៅទីជនបទដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើ ឲ្យកិច្ចការទាំងនេះបានបង្កើតឲ្យមានបទជាពិសោធន៍ផងដែរ ។

 

ដូច្នេះការបើកសាលា រៀនឡើងវិញនៅថ្ងៃនេះមានវិទ្យាល័យចំនួន ១៤ កន្លែង និង អនុវិទ្យាល័យចំនួន ៣០កន្លែងដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់ ហើយលក្ខខ័ណ្ឌ ឬវិធានការសម្រាប់ដំណើរការបើកសាលារៀនឡើងវិញនោះគឺ គណៈកម្មការ ឬអាជ្ញាធរមូលដ្ឋានដែលមានការចូលរួមពីគ្រប់អ្នកពាក់ ព័ន្ធនោះគឺត្រូវតែពិនិត្យស្ថានភាពតំបន់។

សូមបញ្ជាក់ថាក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀត ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០ កន្លែង , សាលាបឋមសិក្សាចំនួនជាង៥១៤ កន្លែង , មានអនុវិទ្យាល័យ ចំនួន៨២កន្លែង មានវិទ្យាល័យចំនួន៤១កន្លែង ៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ប្រភព៖- Khmerload

shares