ចាប់បានក្រុម​ចោរប្លន់​យ៉ាង​កក្រើក​តាម​ផ្លូវ​ជាតិ​លេខ​៣​ លេខ​៤ ​និង​ផ្លូវ​លេខ​៤១​

ភ្នំពេញ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល ​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា​ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ខេត្តកំពង់ស្ពឺ ​និង​ខេត្តបាត់ដំបង ​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរប្លន់​យ៉ាងសកម្ម​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ​និង​ផ្លូវ​លេខ​៤១​ ​រួមទាំង​អ្នក​ទទួលផល​ចោរកម្ម​ដែលមានគ្នាប្រមាណ ១៣​នាក់ ​បញ្ជូន​ទៅកាន់​តុលាការ។

លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ប្រាប់​ឱ្យដឹង ​នា​ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ​២០២០​ថា ​កាលពី​អំឡុង ​ខែឧសភា ​និង ខែកញ្ញា ឆ្នាំ​២០២០ ​មាន​ករណី​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវកើតឡើង​ នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ និងសង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល បង្កឡើង​ដោយ​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ បាន​ដាក់​ពាក្យបណ្តឹង ​ដើម្បី​ឱ្យសមត្ថកិច្ច​បើក​ការស្រាវជ្រាវ។

លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ ប្រាប់​ដឹងថា ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ ក្រោម​ការណែនាំ​ពី​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការ នគរបាល​ខណ្ឌ​កំបូល​ ស្រាវជ្រាវ​ស៊ើបអង្កេត ​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា ​ដែល​ពាក់ព័ន្ធ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ​នគរបាល​ខេត្តកំពង់ស្ពឺ ​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ ខេត្តបាត់ដំបង ​ដោយមាន​ការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផងដែរ​ រហូត​បង្ក្រាប​ក្រុម​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ រួមទាំង​អ្នក​ទទួលផល​ចោរកម្ម ​សរុប​ទាំងអស់ ១៣​នាក់ ​ដកហូត​វត្ថុតាងពាក់ព័ន្ធ​មួយចំនួន។

លោក​បន្ត​ថា​ ក្រុម​ជនសង្ស័យ​ទាំងអស់នោះ ​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​យ៉ាង​កក្រើក ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ​ផ្លូវជាតិ​លេខ​៤ ​និង​ផ្លូវ​លេខ​៤១ ​។ ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏មាន​នៅ​សេសសល់​បក្ខពួក​មួយចំនួន។ ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់លោក​ ក៏​កំពុង​តាម​ស្រាវជ្រាវ​ផងដែរ ​ដើម្បី​យកម​ក​ផ្តន្ទាទោស​តាមច្បាប់។

ជាមួយគ្នានោះ ក្រុម​ជនសង្ស័យ រួមទាំង​អ្នក​ទទួលផល​ចោរកម្ម សរុប​ទាំងអស់​ចំនួន ១៣​នាក់ ត្រូវបាន​​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ​ឆ្នាំ​២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *

shares