រកឃើញអ្នកឆ្លងថ្មី២៣នាក់ (ករណីនាំចូល៩នាក់ និងឆ្លងសហគមន៍១៤នាក់ ជាប្រភេទអូមីក្រុង)
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល១២ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៣នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១៤នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៧៩៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១០២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
ដើម្បីទប់ទល់ការគំរាមកំហែងនេះ រាជរដ្ឋាភិបាលបានអំពាវនាវឲ្យពលរដ្ឋរូតរះទៅចាក់វ៉ាក់សាំងដូសជំរុញទាំងអស់គ្នា ជាមួយគ្នា ត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារផង៕